(ភ្នំពេញ)៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ត្រូវបានគណបក្សប្រជាជនកម្ពុជាតែងតាំងដំឡើងឋានៈជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ជាផ្លូវការហើយ។
ពិធីប្រកាសតែងតាំងនេះ បានធ្វើឡើងនាល្ងាចថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការ កណ្ដាល នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ។
លោក ឃួង ស្រេង ក្នុងឱកាសនោះ បានសម្ដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចពញាចក្រីកិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានកិត្តិយសគណបក្ស, សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស, សម្តេចអនុប្រធាន គណបក្ស គណៈអចិន្ត្រៃយ៍, គណៈកម្មាធិការកណ្តាលគណបក្ស និងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ដែលបានផ្ដល់ឱកាស ការគាំទ្រនិងជំនឿទុកចិត្តចំពោះរូបលោក តាមរយៈការសម្រេចតែងតាំងជាបន្តបន្ទាប់ ក្នុងរចនាសម្ព័ន្ធដឹកនាំគណបក្សមូលដ្ឋាន ដែលសុទ្ធសឹង តែជាតួនាទីស្នូល ជាពិសេស គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ដែលជាតំបន់ប្រមូលផ្តុំ និងជាបេះដូងនៃកម្ពុជា។
លោក ឃួង ស្រេង បានប្តេជ្ញាចិត្តបន្តជ្រោងខ្ពស់ទង់ស្នេហាជាតិ តាមរយៈការខិតខំ យកអស់កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ដើម្បីការពារ «សន្តិភាព» និងសមិទ្ធផលទាំងឡាយរបស់ជាតិមាតុភូមិ តាមរយៈការចូលរួមអនុវត្ត កម្មវិធីនយោបាយ របស់គណបក្ស ដែលបានក្លាយជាគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្ដេចតេជោប្រធានគណបក្ស។
*ប្តេជ្ញាបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវ លក្ខន្តិកៈគណបក្ស បទបញ្ជាផ្ទៃក្នុង និងសេចក្តីសម្រេចចិត្តនានារបស់គណបក្ស សំដៅពង្រឹងឆ្លងសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្សឲ្យកាន់តែរឹងមាំទាំងខាងនយោបាយ សតិអារម្មណ៍ និង ចាត់តាំង ស្របតាមគោលការណ៍ «សមូហភាពដឹកនាំ បុគ្គលម្នាក់ៗទទួលខុសត្រូវ»។
*ប្តេជ្ញាបន្តអនុវត្តស្មារតី ៧មករា ដើម្បីពូនជ្រុំកម្លាំងគាំទ្រគណបក្ស ឱ្យទៅជាសកម្មភាពអភិវឌ្ឍជាតិមាតុភូមិលើ គ្រប់វិស័យ ហើយនៅតែរក្សាបាននូវ «តម្លៃសច្ចធម៌នៅ ក្នុងប្រវត្តិសាស្ត្រ» ដែលគ្មានជនណាម្នាក់ អានុភាព ណាមួយអាចមកបំផ្លាញ ឬ មូលបង្កាច់បានឡើយ។
*ប្តេជ្ញាបន្តកៀរគរកម្លាំងយុវជនជំនាន់ក្រោយ ឲ្យចូលមក រួមរស់ក្នុងជីវភាពនយោបាយ ក្រោមដំបូលនៃមហាគ្រួសារ គណបក្សប្រជាជនកម្ពុជា ស្របតាមគោលការណ៍ «រក្សាចាស់ ពង្រីកថ្មី» ដែលធានាបានទាំងគុណភាព និង បរិមាណ តាមរយៈការកសាងអត្តចរិត សីលធម៌ល្អ ថ្លៃថ្នូរ ស្អាតស្អំ និងការបន្តប្រពៃណីដ៏ល្អផូរផង់របស់គណបក្ស។
*ប្តេជ្ញាបន្តបញ្ជ្រាបកម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្ដីសម្រេចចិត្តនានារបស់គណបក្សទៅក្នុងជួរសមាជិក-សមាជិកាគណបក្ស និង យុវជនជំនាន់ក្រោយ សំដៅលើកកម្ពស់ស្មារតីភ្ញាក់រឭក ជំនឿជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្ស និង សំដៅកសាងកម្លាំងពិត ដែលហ៊ានការពារផលប្រយោជន៍ គណបក្សនៅគ្រប់កាលៈទេសៈទាំងអស់។
*ប្តេជ្ញាបន្តដើរតាមបន្ទាត់នយោបាយរបស់គណបក្ស ដោយឥតងាករ ជាពិសេសជំរុញការធ្វើកំណែទម្រង់ មុតស្រួចតាមបាវចនា «កែទម្រង់ខាងក្នុង បង្កើនមិត្ត ខាងក្រៅ ក្នុងស្មារតីឯករាជ្យ» និងអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ដើម្បីឈានឆ្ពោះ ទៅរក្សាជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២, ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និង គ្រប់ការបោះឆ្នោតទាំងអស់ នាពេលខាងមុខ៕