(ឧត្ដរមានជ័យ)៖ លោក ឃិន ញ៉ាណ អភិបាលរងខេត្តឧត្តរមានជ័យ តំណាងលោក ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្ត បានអញ្ជើញទទួលអំណោយមនុស្សធម៌ ពីលោកស្រី គ្រីស្ទីន ផាកូ (Kristin Parco) ប្រធានបេសកកម្មអង្គការអន្តរជាតិទេសន្តរ ប្រវេសន៍ប្រចាំកម្ពុជា (IOM) ដែលបានឧបត្ថម្ភជូនរដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
ក្នុងនាមលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ លោក ឃិន ញ៉ាណ បានថ្លែងនូវការគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជនលោកស្រី គ្រីស្ទីន ផាកូ (Kristin Parco) ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃអង្គការអន្តរជាតិ ទេសន្តរប្រវេសន៍កម្ពុជា (IOM) ដែលបានសហការល្អជាមួយរដ្ឋបាលខេត្ត ពិសេសបានឧបត្ថម្ភគាំទ្រសម្ភារសម្រាប់បងប្អូនពលករចំណាកស្រុកដែលបានវិលត្រឡប់មកវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ រួមទាំង ពលករនៅក្នុងខេត្តឧត្តរមានជ័យ ក្នុងអំឡុងនៃការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ១៩នេះ។
ជាមួយគ្នានេះក៏បានផ្តល់វគ្គបណ្តុះបណ្តាលដល់ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាល, ការផ្តល់កន្លែងលាងដៃនៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ សម្រាប់បងប្អូនពលករឆ្លងដែនពីប្រទេសថៃ, ការផ្តល់អាហារ និងសម្ភារអនាម័យ សម្ភារស្នាក់នៅពេលយប់ដល់បងប្អូនពលកររង់ចាំនៅមាត់ច្រក និងស្នាក់នៅក្នុងមណ្ឌលចត្តាឡីស័ក និងការផ្តល់សម្ភារអនាម័យ និងសម្ភារការពារជំងឺកូវីដ១៩ ពិតជាបាន រួមចំណែកយ៉ាងសកម្មជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបាននឹងកំពុងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្រោមការយកចិត្តទុកដាក់ និងគិតគូរខ្ពស់លើបញ្ហាសុខមាលភាពរបស់ប្រជាពលរដ្ឋពី សំណាក់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ថា សម្រាប់ដែលប្រគល់ជូននៅពេលនេះរួមមាន៖ ម៉ាស់ម៉ាក EURO ចំនួន២,៥០០ប្រអប់ ស្មើនឹង១២៥,០០០សន្លឹក, អាលកុលទឹក៧៥% ម៉ាក់ Hastycol ចំនួន៧០ការ៉ុង ស្មើនឹង ២,១០០លីត្រ, ស្រោមដៃចំនួន៣០០ប្រអប់, របាំងមុខចំនួន ៥០០របាំងមុខ និងសាប៊ូលាងដៃចំនួន៣០០ដប សម្រាប់ប្រើប្រាស់ ក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងខេត្តឧត្ដរមានជ័យ។
លោក ឃិន ញ៉ាណ ក៏បានថ្លែងនូវសង្ឃឹម និងជឿជាក់ថាសប្បុរសជន ក្រុមហ៊ុន សហគ្រាស និងរោងចក្រនានាក្នុងខេត្ត នឹងបន្តជួយឧបត្ថម្ភគាំទ្រ ដល់រដ្ឋបាលខេត្តឧត្ដរមានជ័យ ក្នុងការចូលរួមទប់ស្កាត់ ប្រយុទ្ធប្រឆាំងជំងឺឆ្លងនេះបន្ថែមទៀត៕