(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី អនុប្រធានគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកកំពង់ស្វាយ ជំរុញមន្ត្រីគណបក្សទៅពិនិត្យឈ្មោះក្នុងបញ្ជីបោះឆ្នោត និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ឱ្យបានគ្រប់ៗគ្នា ព្រមទាំងខិតខំដោះស្រាយបញ្ហាប្រឈមឱ្យបានទាន់ពេល។

ការជំរុញបែបនេះ របស់លោកស្រី ឃួន ឃុនឌី បានធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ឃុំនីពេជ្រ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅស្នាក់ការគណបក្សឃុំ។

លោកស្រីបានផ្តាំផ្ញើឱ្យមន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់ត្រូវបង្កើនការខិតខំប្រឹងប្រែងពង្រឹងថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពឱ្យបានល្អប្រសើរ ដើម្បីបង្កភាពងាយស្រួលក្នុងការអភិវឌ្ឍគ្រប់វិស័យនៅមូលដ្ឋាន និងខិតខំក្ដាប់ឱ្យបាននូវភាពអសកម្ម ចំណុចខ្សោយ ចំណុចខ្វះខាតនៅមូលដ្ឋាន ហើយចាត់វិធានការដោះស្រាយឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា និងបានជំរុញដល់មន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់ត្រូវបន្តរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ តាមវិធានការរាជរដ្ឋាភិបាល ការងារពង្រឹងសមត្ថភាព និងបទពិសោធន៍ ដើម្បីឱ្យគណបក្សកាន់តែមានសក្ដានុពល និងការងារបង្ក្រាបបទល្មើសនៅតាមមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួន។

បន្ថែមពីនេះទៀត លោកស្រី ឃួន ឃុនឌី បានបញ្ជាក់ប្រាប់ទៅមន្ត្រីមូលដ្ឋាន ត្រូវពង្រឹងសមាជិកចាស់ពង្រីកសមាជិកថ្មី ត្រូវមានការសាមគ្គីភាពជាមួយសមាជិកបក្ស ដើម្បីធានារក្សាបាននូវភាពសុខដុមរមនារក្សាប្រក្រតីភាព នៃជីវភាពសង្គមសេដ្ឋកិច្ចប្រជាជនជួយឧបត្ថម្ភគាំទ្រ ដល់ជនរងគ្រោះ និងជនងាយរងគ្រោះនៅក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ហើយក្រុមការងារទាំងអស់ត្រូវខិតខំផ្សព្វផ្សាយអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងសមទ្ធិផលថ្មីៗ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដោយមានភាពជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានេះដែរ លោកស្រី និងក្រុមការបានផ្តល់ជូនដល់អ្នកចូលរួមនូវសារ៉ុង១ ក្រមា១ និងថវិកា ២ម៉ឺនរៀលផងដែរ៕