(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា ប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ព្រមទាំងសការី និងព្រះសង្ឃផងនោះ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានអញ្ជើញប្រគល់ផ្ទះមនុស្សធម៌ ១ខ្នង ជូនគ្រួសារមួយមានពិការភាព ទីទ័លក្រ ឈ្មោះ ឈុន ម៉េន អាយុ៦៣ឆ្នាំ រស់នៅភូមិអំពិលទ្វារ ឃុំសំពងជ័យ ស្រុកជើងព្រៃ។
នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តកំពង់ចាម លោក ទូច ឆៃ បានឱ្យដឹងថា លោក ឈុន ម៉េន ជាជនមានពិការភាព ស្វិតជើងឆ្វេង ដោយសារជំងឺលើសឈាម មានប្រពន្ធ និងចៅតូចៗចំនួន៤នាក់ ក្នុងបន្ទុកដែលកំព្រារ ដោយសារឪពុកម្តាយលែងលះគ្នា។
លោក ទូច ឆៃ បានបន្តថា ជិត៥ឆ្នាំមកនេះ ក្រោយធ្លាក់ខ្លួនពិការ ហើយមានជំងឺប្រចាំកាយថែមទៀតនោះ លោក ឈុន ម៉េន ពុំមានលទ្ធភាពប្រកបរបរកសិកម្មបានទៀតឡើយ ហើយបន្ទុកត្រូវធ្លាក់ទៅលើប្រពន្ធ ដែលគ្មានទាំងទុន គ្មានមុខរបរច្បាស់លាស់ សូម្បីជម្រកស្នាក់នៅ ក៏រស់នៅក្នុងកូនខ្ទមតូចទាបផ្ទាល់ដី ដែលជញ្ជាំងបាំងដោយធាងត្នោត និងដំបូលប្រក់ស្លឹកត្នោតចាស់ៗ នៅលើដីទំហំ ១៥ម៉ែត្រ គុណ៣៥ម៉ែត្រ ហើយក្រៅពីការជួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាល តាមរយៈប័ណ្ណសមធម៌ក្រ២ ប្រពន្ធលោក ឈុន ម៉េន ត្រូវរ៉ាប់រងចិញ្ចឹមគ្រួសារ ដោយដើររើសខ្យងក្តាមលក់ផង និងដើរស៊ីឈ្នួល តាមរដូវកាលផងគ្រាន់បានប្រាក់កម្រៃប្រចាំថ្ងៃ ចិញ្ចឹមប្តី និងចៅកំព្រាតូចៗ ទាំង៤នាក់នោះ។
នាយកប្រតិបត្តិបញ្ជាក់ថា ដោយមើលឃើញពីស្ថានភាពលំបាកនេះ ទើបលោក អ៊ុន ចាន់ដា ប្រធានសាខាបានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសីភ្លីធំ មានទំហំ៤ម៉ែត្រ គុណ៦ម៉ែត្រ ១ខ្នង តម្លៃប្រមាណ ១០,០០០,០០០រៀល ជាថវិកាបដិភាគរបស់សាខា ជូនលោក ឈុន ម៉េន និងគ្រួសា សម្រាប់ស្នាក់នៅជាកម្មសិទ្ធិតទៅ។
ជាមួយគ្នានោះដែរ ដើម្បីជួយសម្រាលជីវភាពរស់នៅរបស់ពួកគាត់សាខាកាកបាទក្រហមខេត្ត បានផ្តល់សម្ភារគ្រឿង ឧបភោគ បរិភោគជូនរួមមាន៖ អង្ករ ៥០គីឡូក្រាម, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប ទឹក ស៊ីអ៉ីវ ១២ដប, មី ២កេស, ឃីត២សម្រាប់, អាវយឺត១២, សម្ភារផ្ទះបាយមួយចំនួន និងថវិកា ២០០,០០០រៀល៕