(រតនគិរី)៖ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តរតនគីរី បានបើកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តលើកី២៩ អាណត្តិទី៣ ក្រោមអធិបតីភាព លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ញ៉ែម សំអឿន អភិបាលខេត្ត។

ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពី លោក-លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ព្រមទាំងលោក-លោកស្រី ជាអភិបាលរងខេត្ត, ប្រធាន, អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត, មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ ទាំង៣ប្រភេទ, លោកនាយក និងនាយករងរដ្ឋបាលសាលាខេត្តរតនគិរី។

កិច្ចប្រជុំនេះ មានរបៀបវារៈដូចខាងក្រោម៖ ទី១៖ បើកកិច្ចប្រជុំ, ទី២៖ ពិនិត្យកូរ៉ុម, ទី៣៖ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្ដីព្រាង កំណត់ហេតុកិច្ចប្រជុំសាមញ លើកទី២៨ របស់ក្រុមប្រឹក្សាខេត្ត, ទី៤៖ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្ដីព្រាង របាយការណ៍ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ប្រចាំខែតុលា និងលើកទិសដៅការងារ ប្រចាំខែវិច្ឆិកា របស់រដ្ឋបាលខេត្ត, ទី៥៖ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្ដីព្រាងរបាយការណ៍ត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត និងបញ្ហាផ្សេងទៀត៕