(សៀមរាប)៖ នៅរសៀលថ្ងៃទី០៤ ខែវិចិ្ឆកា ឆ្នាំ២០២១ លោក ង៉ាន់ ភិរុណ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបន្ទាយស្រី បាននាំយកអំណោយរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាប ផ្តល់ជូនគ្រួសារក្រីក្ររបស់កុមារា គង់ សីហា ក្នុងភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ដោយមើលឃើញពីទុក្ខលំបាក និងទឹកចិត្តតស៊ូរបស់កុមារា គង់ សីហា ដើម្បីចូលរៀននៅថ្ងៃដំបូងរបស់គាត់ ដោយគ្មានស្បែកជើងពាក់ និងពាក់កាតចាក់វ៉ាក់សាំងកូវីដ-១៩ ដោយប្រើថង់ប្លាស្ទិកនៅលើបណ្ដាញសង្គមនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្រេចផ្តល់ជូននូវថវិកា ចំនួន៤លានរៀល និងសម្ភារៈគ្រឿងបរិភោគឧបភោគមួយចំនួនទៀត ដល់គ្រួសារក្រីក្រមួយនេះ រួមមាន៖ អង្ករ១០០គីឡូក្រាម, ទឹកស៉ីអ៉ីវ៥យួរ ,ទឹកត្រី៥យួរ, ត្រីខកំប៉ុង១កេសធំ (១០យួរ), មី១កេសធំ (៦កេសតូច), ម៉ាស់៥០០ម៉ាស់, អាកុលលាងដៃ១០ដប និងទឹកសុទ្ធ១០យួរ។
លោកប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបន្ទាយស្រី បានអំពាវនាវដល់ រដ្ឋបាលស្រុកសូមជួយផ្តល់ជាគំនិតក្នុងការស្វែងរកមុខរបរសមស្របសម្រាប់ឪពុកម្តាយរបស់កុមារា គង់ សីហា ដើម្បីអាចរកចំណូលសម្រាប់ចិញ្ចឹមជីវិត និងផ្គត់ផ្គង់ឲ្យកូនបានរៀនបន្តទៀត។
លោកបានបន្តថា ចំពោះថវិកា និងសម្ភារៈដែលសម្តេចពិជ័យសេនាបានឧបត្ថម្ភនាពេលនេះ គឺដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ និងផ្គត់ផ្គង់ដល់ការរៀនសូត្ររបស់ក្មួយប្រុស និងគ្រួសារបន្តទៀត។
ក្នុងឱកាសនោះ គ្រួសារកុមារា គង់ សីហា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងការពារ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប ព្រមទាំងសប្បុរសជនជិតឆ្ងាយជាច្រើនទៀត ដែលបាននាំយកថវិកា និងសម្ភារៈសិក្សាមកផ្តល់ជូនគ្រួសាររបស់ខ្លួនជាបន្តបន្ទាប់ ដែលជាទឹកចិត្តសប្បុរស និងប្រកបដោយស្មារតីមនុស្សធម៌៕