(តាកែវ)៖ ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចាត់ឲ្យក្រុមការងារនាំយកអំណោយមួយចំនួនជូនដល់ក្រុមគ្រួសារសពចំនួន៤នាក់ ក្នុងចំណោម៧នាក់ រស់នៅស្រុកជុំគីរី ខេត្តកំពត ដែលបានស្លាប់គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តធ្លាក់ទឹក កាលពីថ្ងៃទី២ ខែវិច្ឆកា ឆ្នាំ២០២១កន្លងទៅ នៅស្រុកដងទង់ ខេត្តកំពត។
លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី តំណាងស្នងការនគរបាលខេត្តតាកែវ បានដឹកនាំកងកម្លាំង និងក្រុមការងារនាំយកអំណោយជារទេះរុញថ្មីមួយគ្រឿង និងទឹកប្រាក់ចំនួន៧០ម៉ឺនរៀល ជូនដល់លោកយាយ សឹន យឿន អាយុ៧០ឆ្នាំ ដែលត្រូវជាម្តាយ និងជីដូនគ្រួសារនៃសព នៅគេហដ្ឋានក្នុងភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត។
លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី បានពាំនាំនូវការសាកសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំ និងជាពិសេស លោកស្នងការនគរបាលខេត្តតាកែវ ជូនដល់ក្រុមគ្រួសារសព ដោយមានការសោកស្ដាយយ៉ាងក្រៃលែង ចំពោះការបាត់បង់សាច់ញាតិ ដែលត្រូវជាកូន និងចៅនាពេលកន្លងមកនេះ។
មួយគ្នានេះ លោកក៏បានផ្ដាំផ្ញើដល់ពួកគាត់ ត្រូវបង្កើនការប្រុងប្រយ័ត្ន ក្នុងការបើកបរធ្វើដំណើរលើដងផ្លូវ ដោយគោរពខ្ជាប់ខ្ជួននូវច្បាប់ចរាចរណ៍ បើកបរដោយការយោគយល់អធ្យាស្រ័យ ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុណាមួយ។
លោកអធិការនគរបាលស្រុកបាទី ក៏បានអំពាវនាវដល់ពួកគាត់ ត្រូវយកចិត្តទុកដាក់ អនុវត្តឲ្យបានត្រឹមត្រូវតាមការណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារខ្លួន ដើម្បីគេចផុតពីការរងគ្រោះដោយសារមេរោគកូវីដ ១៩ ដែលកំពុងតែរីករាលសព្វថ្ងៃនេះ។
លោកយាយ សឹន យឿន បានសម្ដែងនូវអំណរគុណជាពន្លឹកជូនដល់ក្រុមការងារ ក៏ដូចជាថ្នាក់ដឹកនាំទាំងអស់ ដែលបានគិតគូរដល់សុខទុក្ខ ការលំបាករបស់ពួកគាត់៕