(ភ្នំពេញ)៖ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខ និងសោកស្ដាយក្រៃលែងចំពោះមរណភាពរបស់កិត្តិនីតិកោសលបណ្ឌិត ងួន ញិល អនុប្រធានទី១នៃរដ្ឋសភាជាតិ នៅថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១០៖៣៦នាទីព្រឹក ក្នុងជន្មាយុ៧៩ឆ្នាំ ដោយរោគាពាធ។

សាររំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានបញ្ជាក់ថា៖ «មរណភាពរបស់ ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញិល គឺជាការបាត់បង់បិតា ជីតា ប្រកបដោយគុណធម៌ ព្រហ្មវិហារធម៌ ដែលក្នុងមួយជីវិត របស់ឯកឧត្ដមបានពលិកម្មជាច្រើន បូជាទាំងកម្លាំងកាយចិត្ត ជម្នះរាល់ឧបសគ្គនានា ក្នុងការឃុំគ្រងថែរក្សាក្រុមគ្រួសារពោរពេញដោយភាពកក់ក្ដៅ។ លើសពីនេះទៅទៀតមរណភាពរបស់ កិត្តិនីតិកោសលបណ្ឌិត ងួន ញិល ពិតជាការបាត់បង់ដ៏ធំធេង នូវឥស្សរជននយោបាយឆ្នើមមួយរូបរបស់កម្ពុជា ធ្លាប់មានគុណបំណាច់ក្នុងការចូលរួមចំណែកកសាងជាតិមាតុភូមិ រហូតសម្រេចបានស្នាដៃជាច្រើន ក្នុងការងារពង្រឹងនីតិរដ្ឋ ដើម្បីជាតិ សាសនា ព្រះមហាក្សត្រ ដែលពិតជាមិនអាចកាត់ថ្លៃបានឡើយ»

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសហការីទាំងអស់នៃកាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធសព កិត្តិនីតិកោសលបណ្ឌិត ងួន ញិល បានទៅកាន់សុគតិភព កុំបីឃ្លៀង ឃ្លាតឡើយ៕