(សៀមរាប)៖ ប្រធានការិយាល័យចរាចរណ៍ខេត្ដសៀមរាប លោកជឹម សុវណ្ណា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦នេះ បានថ្លែងថាប្រាប់អង្គភាព Fresh news ថា នៅពេលនេះ កម្លាំងចរាចរណ៍ខេត្ដជាង២០០នាក់ និងកម្លាំងចរាចរណ៍ ពីក្រសួងមហាផ្ទៃជាង១០០នាក់ទៀត បានត្រៀមលក្ខណៈសម្បត្ដិរួចរាល់អស់ហើយ ក្នុងការតៀមរៀបចំសម្រួលចរាចរណ៍ និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរណ៍ដែលមកកំសាន្ដកម្មវិធីអង្គរសង្ក្រាន្ដ និងតាមតំបន់ផ្សេងៗក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខនេះ។
លោក បានថ្លែងទៀតថា «ក្នុងរយៈពេល៣ថ្ងៃ ក្នុងឱកាសចូលឆ្នាំខ្មែរប្រពៃណីជាតិ ខាងកម្លាំងនគរបាលទាំងអស់បានសហការគ្នា និងខិតខំប្រឹងប្រែងធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីជួយសម្រួលប្រជាពលរដ្ឋ ដោយធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋទាំងអស់សប្បាយរីករាយក្នុងឱកាសចូលឆ្នាំខ្មែរប្រពៃណីជាតិ ដោយកម្លាំងនគរបាលទាំងអស់មិនបានជួបជុំគ្រួសារនោះទេ តែទោះបីជាលំបាកប៉ុណ្ណា ក៏យើងទាំងអស់គ្នាសប្បាយរីករាយដែលបានជួយការពារ សុវត្ថិភាពប្រជាពលរដ្ឋយើងទាំងជាតិ និងអន្ដរជាតិ»។
លោក ក៏បានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ដែលទៅកំសាន្ដនៅខេត្ដសៀមរាប បើមានបញ្ហាអ្វីកើតឡើង សូមមេតា្ដមករាយការណ៍ឲ្យកម្លាំងនគរបាល ដែលបានដាក់ពង្រាយការពារគ្រប់ទីកន្លែងតាមតំបន់នានា ក៏ដូចជានៅជុំវិញប្រាសាទអង្គរវត្ដ និងកន្លែងប្រារព្ធពិធីផ្សេងៗផងដែរ៕