(បន្ទាយមានជ័យ)៖ ក្រុមមន្រ្តីកាំកុងត្រូលខេត្តបន្ទាយមាន នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦នេះ បានចុះត្រួតពិនិត្យមុខទំនិញដែលដាក់តាំងលក់នៅតាមផ្សារសេរីសោភ័ណ និងផ្សារចំការគរ ក្នុងក្រុងសេរីសោភ័ណ ដើម្បីរកឲ្យឃើញពីទំនិញដែលខូចគុណភាព ព្រមទាំងចុះណែនាំដល់ក្រុមអាជីវករលក់ដូរផងដែរ។
លោក ហុង លៀង អនុប្រធានទី១ ទទួលបន្ទុកទីផ្សារនិងស្ថិតិខេត្តបន្ទាយមានជ័យ បានថ្លែងថា យុទ្ធនាការចុះត្រួតពិនិត្យនៅតាមផ្សារខាងលើនេះ បានធ្វើឡើងក្រោមកិច្ចសហការជាមួយ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ នគរបាកប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងលោកអភិបាលក្រុងសេរីសោភ័ណផងដែរ។
យ៉ាងណាក៏ដោយបើតាមលោក ហុង លៀង ទំនិញដែលត្រូវរឹបអូសនោះមានតិចតួចបំផុត មានន័យថា ក្រុមអាជីវករមានការយល់ដឹងច្រើនលើការលក់ទំនិញតាមទីផ្សារពោលពួកគេ ក៏បានគិតគូលើការទិញទំនិញយកមកលក់ផងដែរ ។ លោកបានបញ្ជាក់ថា សម្រាប់យុទ្ធនាការនៅពេលនេះក្រុមការងារបានរឹបអូស ទឹកសេរ៉ូ ១០ដប, ទឹកក្រូច ១៨ដប និងប្រេងខ្យង ២៣ដប។
លោក ហុង លៀង បានថ្លែងទៀតថា ក្រោមការណែនាំពីលោក ស៊ាន ស៊ុណាត ក្រុមការងាររបស់លោកនឹងបន្តចុះត្រួតពិនិត្យ នៅតាមផ្សារនានាបន្តទៀត គោលបំណងលុប បំបាត់មុខទំនិញដែលខូចគុណភាព លើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋទូទៅ៕