(ប៉េកាំង)៖ ក្រុមហ៊ុនថាមពល Sinopec របស់ប្រទេសចិន បានចុះហត្ថលេខាកិច្ចសន្យាមួយជាមួយក្រុមហ៊ុន Venture Global LNG របស់អាមេរិក ដើម្បីទិញឧស្ម័នធម្មជាតិ (LNG) ចំនួន ៤លានតោនក្នុងមួយឆ្នាំសម្រាប់រយៈពេល ២០ឆ្នាំ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានស៊ិនហួ។

ឧស្ម័នធម្មជាតិនឹងត្រូវបានផ្គត់ផ្គង់ពីរោងចក្ររបស់ក្រុមហ៊ុន Venture Global នៅទីក្រុង Plaquemines រដ្ឋ Louisiana ហើយកិច្ចសន្យានេះគឺជាកិច្ចសន្យាឧស្ម័នធម្មជាតិរយៈពេលវែងធំបំផុតដែលត្រូវបានចុះហត្ថលេខាដោយប្រទេសចិន និងសហរដ្ឋអាមេរិក។

ទីភ្នាក់ងារព័ត៌មានស៊ិនហួមិនបានរាយការណ៍ពីតម្លៃកិច្ចសន្យា ឬថាតើនៅពេលណាដែលការផ្គត់ផ្គង់ឧស្ម័នធម្មជាតិនឹងចាប់ផ្តើមឡើយ។

កាលពីខែតុលា ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ប្រទេសចិនបានព្រមព្រៀងលើកិច្ចព្រមព្រៀងឧស្ម័នធម្មជាតិធំៗចំនួន៣ ជាមួយក្រុមហ៊ុន Venture Global ខណៈដែលទីក្រុងប៉េកាំងព្យាយាមធានាបាននូវការផ្គត់ផ្គង់រយៈពេលវែងក្នុងគ្រាដែលមានការកើនឡើងតម្លៃឧស្ម័ន និងកង្វះថាមពលប្រើប្រាស់នៅក្នុងប្រទេស។

ព័ត៌មានមួយផ្សេងទៀត ក្រុមហ៊ុន Unipec ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Sinopec ក៏នឹងទិញឧស្ម័នធម្មជាតិសរុបចំនួន ៣,៨លានតោនពីគម្រោង Calcasieu Pass ដែលគ្រប់គ្រងដោយក្រុមហ៊ុន Venture Global LNG ផងដែរ។

ក្រុមហ៊ុន Sinopec រំពឹងថា តម្លៃឧស្ម័នធម្មជាតិក្នុងប្រទេសចិននឹងកើនឡើងយ៉ាងហោចណាស់ ២០ភាគរយនៅត្រីមាសទី៤ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលមន្ត្រីរបស់ក្រុមហ៊ុនថាមពលនានាប៉ាន់ប្រមាណថា តម្រូវការឧស្ម័ននឹងកើនឡើង ១០ភាគរយនៅរដូវត្រជាក់ខាងមុខនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕