(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំសិក្ខាសាលាតាមប្រព័ន្ធវីដេអូ ដើម្បីផ្សព្វផ្សាយពីច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីការទូតកម្ពុជានៅតាមស្ថានតំណាងកម្ពុជានៅបរទេសទាំងអស់។

សិក្ខាសាលាបានធ្វើឡើងនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការចូលរួមធ្វើបទ-អន្តរាគមន៍ដោយលោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលានេះ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងក្រុមការងារនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានខិតខំប្រឹងប្រែងអស់រយៈពេល ៦ឆ្នាំ ក្នុងការសិក្សាស្រាវជ្រាវ និងតាក់តែងរហូតធ្វើឱ្យច្បាប់ស្តីពីវិនិយោគថ្មីនេះលេចចេញជារូបរាងឡើង។

លោកឧបនាយករដ្ឋមន្រ្ដី ក៏បានរំលេចពីបច្ច័យអវិជ្ជមាន ដែលកើតចេញពីវិបត្តិនៃជំងឺកូវីដ-១៩ និងសង្រ្គាមពាណិជ្ជកម្ម ដែលធ្វើឱ្យសេដ្ឋកិច្ចសកល និងរំហូរវិនិយោគផ្ទាល់ពីបរទេសទូទាំងពិភពលោកមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ឯការប្រកួតប្រជែងរបស់មហាអំណាចដែលធ្វើឱ្យប្រែប្រួលសណ្តាប់ធ្នាប់អន្តរជាតិ ក៏បានដាក់សម្ពាធដល់តំបន់អាស៉ី-ប៉ាស៉ីហ្វិក និងបានប៉ះពាល់ដល់មជ្ឈភាព និងសាមគ្គីភាពអាស៊ាន និងទំនាក់ទំនងរបស់អង្គការតំបន់នេះជាមួយដៃគូខាងក្រៅ។

លោកឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន ជឿជាក់យ៉ាងមុតមាំថា ការដាក់ឱ្យប្រើនូវច្បាប់វិនិយោគថ្មីនេះ ត្រូវបានធ្វើឡើងចំពេលវេលាដែលកម្ពុជាត្រូវការស្ដារឡើងវិញនូវ សង្គម-សេដ្ឋកិច្ច ក្រោយវិបត្តិកូវីដ-១៩ និងធ្វើឱ្យកម្ពុជាក្លាយជាទិសដៅដ៏ទាក់ទាញមួយសម្រាប់វិនិយោគិន។ ការដាក់ឲ្យប្រើនូវច្បាប់ថ្មីនេះ ក៏ស្របពេលដែលរាជរដ្ឋាភិបាលសម្រេចឱ្យបើកដំណើរការសកម្មភាពសេដ្ឋកិច្ច និងប្រទេសឡើងវិញជាបណ្ដើរៗ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ និងវិនិយោគិនបរទេស ពិសេសទេសចរណ៍ចាក់វ៉ាក់សាំង និងការកំណត់គោលនយោបាយតំបន់ទេសចរណ៍សុវត្ថិភាព។

ទន្ទឹមនេះ លោកឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ច្បាប់វិនិយោគថ្មីនេះនឹងដើរតួនាទីយ៉ាងសំខាន់ដល់ការអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ ឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានជោគជ័យ តាមរយៈស្ថានតំណាងកម្ពុជាប្រចាំនៅបរទេសទាំងអស់ដែលជាសេនាធិការរបស់ក្រសួងកបទ.សអ ក្នុងការកៀរគរដៃគូវិនិយោគថ្មីប្រកបដោយសក្តានុពលខ្ពស់ចូលមកប្រទេសកម្ពុជា។

រដ្ឋមន្រ្តីប្រតិភូ សុខ ចិន្តាសោភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានរបស់ ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន ដែលបានចូលរួមជ្រោមជ្រែងកិច្ចខិតខំប្រឹងប្រែងក្នុងការផ្សព្វផ្សាយច្បាប់ស្ដីពីវិនិយោគថ្មីនេះជូនដល់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីការទូតកម្ពុជានៅតាមស្ថានតំណាងកម្ពុជានៅបរទេសទាំងអស់ ដែលជាយុទ្ធសាស្រ្តដ៏មុតស្រួចក្នុងការបង្ហាញពីកាលានុវត្តភាពនៅកម្ពុជា សំដៅទាក់ទាញការវិនិយោគប្រកបដោយគុណភាពបន្ថែម។

លើសពីនេះ រដ្ឋមន្រ្តីប្រតិភូ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការជាប្រចាំរបស់ក្រសួងការបរទេស ព្រមទាំងស្ថានតំណាងកម្ពុជាប្រចាំនៅក្រៅប្រទេសទាំងអស់ ដែលជានិច្ចកាលតែងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញវិនិយោគ និងផ្សព្វផ្សាយ ពីបរិស្ថានវិនិយោគនៅកម្ពុជាជូនដល់វិនិយោគិនបរទេស៕