(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) រាជធានីភ្នំពេញ បានសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញយុទ្ធនាការផ្សព្វផ្សាយទូលំទូលាយនៅតាមគោលដៅសង្កាត់ និងខណ្ឌនានាក្នុងរាជធានីភ្នំពេញ ដើម្បីជំរុញនិងកៀរគរយុវជនអំពីអត្ថប្រយោជន៍នៃការទទួលបានឱកាសការងារដ៏សន្ធឹកសន្ធាប់ នៅក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ អនឡាញ ឆ្នាំ២០២១ ដែលមានរយៈពេលពីរថ្ងៃគឺថ្ងៃទី០៤-០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ នៅក្នុងពិព័រណ៍អនឡាញនេះ មានក្រុមហ៊ុនធំៗប្រមាណ១០០ បានចូលរួមដោយនាំយកឱកាសការងារគ្រប់ប្រភេទជាង ២ម៉ឺន កន្លែងដល់យុវជន សិស្ស/និស្សិត និង អ្នកស្វែងរកការងារ។
ថ្លែងក្នុងពិធីបើកជាផ្លូវការពិព័រណ៍ការងារ និងផលិតភាពជាតិ អនឡាញ ឆ្នាំ២០២១ នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកានេះ លោក សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានលើកទឹកចិត្ត និងជំរុញឲ្យយុវជនទាំងអស់ចូលរួមនៅក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ អនឡាញ ឆ្នាំ២០២១ ទាំងអស់គ្នាដើម្បីស្វែងយល់អំពីទីផ្សារការងាររបស់កម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជាដើម្បីធ្វើការសម្រេចចិត្តជ្រើសរើសមុខជំនាញ និងគ្រឹះស្ថានសិក្សាឲ្យបានសមស្រប។
លោក សាយ សំអាល់ លើកឡើងថា៖ «ពិព័រណ៍នេះ ជាត្រីវិស័យ ដែលចង្អុលបង្ហាញជូនទៅដល់យុវជនរបស់យើង។ យើងត្រូវដឹងថាប្រទេសរបស់យើងចេញពីត្រង់ណាសព្វថ្ងៃនេះស្ថិតនៅត្រង់ណាហើយទៅមុខទៀតយើងនឹងទៅត្រង់ណា ហើយទីផ្សារកាងាររបស់យើងវានឹងវិវឌ្ឍន៍ទៅតាមនឹង ហើយនេះគឺជារឿងមួយសំខាន់ក្នុងការសម្រាចចិត្តរបស់បងប្អូនយុវជនរបស់យើង»។
នៅក្នុងពិព័រណ៍ការងារអនឡាញនេះ អ្នកស្វែងរកការងារអាចចូលទៅកាន់ទំព័រការងារ www.careerfair.nea.gov.kh ឬដោនឡូតកម្មវិធីទូរស័ព្ទទាំង IOS និង Android ដើម្បីអាចចូលស្វែងការងារ និងក្រុមហ៊ុនដែលខ្លួនពេញចិត្ត និង អាចដាក់ពាក្យស្វែងរកការងារបានភ្លាមៗតែម្តង។
គួររបញ្ជាក់ជូនដែរថា ពិព័រណ៍ការងារ និងផលិតភាពជាតិអនឡាញ ឆ្នាំ២០២១ ត្រូវបានរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (MLVT) និងបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) រាជធានីភ្នំពេញ, សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងមានការចូលរួមគ្រាំទ្រពីក្រសួង ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល និងអង្គការជាតិ-អន្ដរជាតិជាច្រើនផងដែរ៕