(ភ្នំពេញ)៖ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះក្រុមហ៊ុន វ៉ូជីសាន អិលអេស គ្រុប ខូអិលធីឌី (Wuzhishan L.S Group Co., Ltd.) តាមរយៈក្រុមមេធាវីរបស់ខ្លួន បានចេញសេចក្តីបំភ្លឺជូនសាធារណជន ពាក់ព័ន្ធដីចំនួន២១៨ហិចតា នៅភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគីរី និងបានបង្ហាញពីការទទួលសិទ្ធិស្របច្បាប់ ពីរាជរដ្ឋាភិបាលក្នុងការវិនិយោគដាំដើមស្រល់ ពោលគឺមិនបានរំលោភបំពានដីប្រជាពលរដ្ឋឡើយ។
ការចេញសេចក្តីបំភ្លឺពីសំណាក់ក្រុមហ៊ុននៅពេលនេះ ធ្វើឡើងបន្ទាប់ពីកាលពេលថ្មីៗកន្លងទៅនេះមានប្រព័ន្ធផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមមួយចំនួនបានធ្វើការចុះផ្សាយ ពាក់ព័ន្ធនឹងទីតាំងដីខាងលើដែលក្រុមហ៊ុន វ៉ូជីសាន បានធ្វើការកាយក្រវ៉ាត់ព្រំ និងមានការតវ៉ាពីប្រជាពលរដ្ឋចំនួនប្រហែល១២គ្រួសារ ដែលការចុះផ្សាយនេះធ្វើហាក់ មិនបានបង្ហាញអំពីការពិត និងបានធ្វើឱ្យមហាជនមានការយល់ច្រឡំអំពីសិទ្ធិ និងទំនាក់ទំនងគតិយុត្ត ក៏ដូចជាការធ្វើសកម្មភាពលើទីតាំងដីខាងលើ។
ហេតុដូចនេះ ដើម្បីបញ្ជាក់ឱ្យបានច្បាស់អំពីសាវតា ក៏ដូចជាសិទ្ធិស្របច្បាប់ក្នុងការវិនិយោគ លើទីតាំងដី មេធាវីតំណាងឱ្យក្រុមហ៊ុន វ៉ូជីសាន អិលអេស គ្រុប ខូអិលធីឌី (Wuzhishan L.S Group Co., Ltd.) សូមធ្វើការបំភ្លឺជូនសាធារណជនដូចតទៅ៖