(ភ្នំពេញ)៖ លោក អុី ងឹង វ័យ៧០ឆ្នាំ ដែលជាមេភូមិ សាមគ្គី ដែលបានបាត់បង់ភរិយា ដោយសារជម្ងឺកូវីដ-១៩ រស់នៅក្រុមទី១១ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ នាថ្ងៃទី៣ ខែវិឆ្ឆិកា ឆ្នាំ២០២១ បានទទួលគ្រឿងឧបភោគ បរិភោគ ថវិកាមួយចំនួន ដើម្បីដោះស្រាយក្នុងជីវភាព ពីលោក ឯក ឃុនដឿន អភិបាលខណ្ឌ និងអមដំណើរដោយលោកស្រី សួស សូលីដា អភិបាលរងខណ្ឌ និងជាអនុប្រធានសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ ជាមួយក្រុមការងារបណ្ដាញសមាគមនារីសង្កាត់។
លោក ឯក ឃុនដឿន តំណាងឱ្យក្រុមការងារខណ្ឌ-សង្កាត់ ក្នុងឱកាសប្រគល់ និងទទួលគ្រឿងឧបភោគ បរិភោគ និងថវិកានេះ បានផ្ដាំផ្ញើសួរសុខទុក្ខ និងសូមជូនពរផងដែរ ដើម្បីឱ្យខិតខំថែទាំសុខភាពឱ្យបានល្អប្រសើរ បន្ទាប់ពីបានបាត់បង់ភរិយាដោយសារជម្ងឺកូវីដ-១៩ ចំពោះលោកមេភូមិសាមគ្គី និងក្រោយពីលោកមេភូមិ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត នូវការយកចិត្តទុកដាក់ ពីសំណាក់លោកអភិបាលខណ្ឌឫស្សីកែវ និងក្រុមការងារ។
សូមជម្រាបថា លោកអភិបាលខណ្ឌឫស្សីកែវ ដែលបានឧបត្ថម្ភជូនលោកមេភូមិសាមគ្គ បន្ទាប់ពីបាត់បង់ភរិយាដោយសារជម្ងឺកូវីដ-១៩ រួមមាន៖ អង្ករ៥០គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកស៊ីអុីវ១យួ, មី១កេស និងថវិកា ៤០០.០០០រៀល។ បន្ថែមពីនេះ លោកស្រី សួស សូលីដា អភិបាលរងខណ្ឌ និងជាអនុប្រធានសមាគមនារីខណ្ឌ បានឧបត្ថម្ភថវិកាចំនួន ១០០.០០០រៀល ជាមួយក្រុមការងារការិយាល័យច្រកចេញ-ចូលតែមួយខណ្ឌ ឧបត្ថម្ភចំនួន ១០០.០០០រៀលទៀត សរុបចំនួន ៦០០.០០០រៀល ដើម្បីសម្រាលក្នុងជីវភាពមួយចំនួន៕