(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានបញ្ជាក់ថា ក្នុងនាមលោកជាមេបញ្ជាការម្នាក់ គឺមិនអាចឱ្យកងទ័ពក្រោមឱវាទរបស់ខ្លួន ប្រព្រឹត្តទង្វើមិនគាប្បីណាមួយដែលបង្កការលំបាក ឬទៅបំពានលើប្រជាពលរដ្ឋជាដាច់ខាត។
ការបញ្ជាក់បែបនេះ របស់លោកឧត្តមសេនីយ៍ទោមេបញ្ជាការ បានធ្វើឡើងក្នុងឱកាសដែលលោកដឹកនាំនាយទាហាន នាយទាហានរង ចុះជួបសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាពលរដ្ឋ គ្រួសារកងទ័ព និងកងទ័ព ពិសេសគឺដើម្បីស្វែងយល់ និងរកដំណោះស្រាយជូនពួកគាត់ ដែលមានបញ្ហាដីធ្លីដែលទូរទស្សន៍អនឡាញ ក្នុងស្រុកមួយផ្សាយជាបន្តបន្ទាប់ធ្វើការចោទប្រកាន់ថាអ្នកមានស័ក្តិយសធំៗ រៀបចំជាប្រព័ន្ធរំលោភយក នាថ្ងៃទី០៣ ខែវិច្ឆិកាឆ្នាំ២០២១ម្សិលមិញ។
ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងនាមលោកជាមេបញ្ជាការម្នាក់ ដែលមានសិទ្ធគ្រប់គ្រងទៅលើតំបន់ដែលខ្លួនទទួលខុសត្រូវ គឺមិនអាចឱ្យអ្នកណាម្នាក់ធ្វើអំពើអ្វីមួយតាមអំពើចិត្តបានទេ។ នៅតំបន់នេះថ្វីត្បិតតែលោកទើបមកគ្រប់គ្រង តែលោកក៏មិនអនុញ្ញាតឱ្យអ្នកណាម្នាក់ដែលជាកងកម្លាំងប្រដាប់អាវុធដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់លោក ធ្វើអំពើខុសឆ្គងណាមួយបំពាបំពានទៅលើប្រជាពលរដ្ឋបានទេ»។
លោកមេបញ្ជាការ បានបន្តថា ផ្អែកតាមសំដីផ្ទាល់របស់ប្រជាពលរដ្ឋ គ្រួសារកងទ័ព និងកងទ័ពមួយចំនួនទៀតបានបញ្ជាក់យ៉ាងច្បាស់ថា ទាំង៣៤គ្រួសារដែលបានផ្តិតមេដៃ មិនមានគោលគំនិតណាប្តឹងក៏វាយប្រហារទៅលើអង្គភាពដែលនៅទីនេះ ឬមកលើរូបលោកដែលជាមេស្ថាប័នមួយទេ ផ្ទុយទៅវិញអ្វីដែលផ្តិតមេដៃបង្ហាញនូវភស្តុតាងមួយនៅក្នុងលិខិតប្តឹង គឺបញ្ជាក់អំពីការប្តឹងតំណាងក្រុមហ៊ុនឯណោះទេ ចុះហេតុអ្វីក៏គេផ្សាយចោទប្រកាន់មកលើកងកម្លាំងរបស់លោកទៅវិញ។
ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានរំឮកថា អតីតមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារចាស់ បានស្នើសុំដីនេះ ទៅស្ថាប័នតាមឋានានុក្រមខាងលើទាំងអស់ ដើម្បីសុំការយល់យោគសុំដីនេះផ្តល់ជូនគ្រួសារកងទ័ព បន្ទាប់មកសម្តេចតេជោ ហ៊ុន សែន លោកមានទឹកចិត្តបានផ្តល់ជូនតាមរបៀបដីអនុក្រឹត្យដែលមានច្បាប់ត្រឹមត្រូវចំនួន ៨៨៧ហិកតា យកមកបែងចែកដល់កងកម្លាំងដែលឈរជើងតាមខ្សែរបន្ទាត់ព្រំដែនរួមមានវរៈសេនាតូច៤០៥ចាស់ បច្ចុប្បន្ន (វរៈសេតូចលេខ២) និងកម្លាំងនគរបាលវរះ៧៩៣។ហើយបច្ចុប្បន្ននេះ ដីជារបស់វរៈសេនាតូចលេខ២ មាន១៦៤ហិកតា ក្នុងនោះ ៩៩.៥ហិចតា កំពុងប្រើប្រាស់ និង៦៤.៥ហិចតាទៀត ពាក់ព័ន្ធជាមួយក្រុមហ៊ុន ចុះហេតុអ្វីក៏ទូរទស្សន៍អនឡាញនោះផ្សាយចោទប្រកាន់កងទ័ពទៅវិញ។
លោកមេបញ្ជាការ បានសំដែងនូវការសោកស្តាយ ដោយសាររឿងរយៈពេលកន្លងមកមិនទាន់ធ្លាក់ដល់ដៃរបស់លោក ប៉ុន្តែនៅពេលដែលសារព័ត៌មានមួយដែលចេញផ្សាយខុសពីការពិត ជាទឹកចិត្តពិតរបស់បងប្អូនគ្រួសារទាំង៣៤នេះ ដែលមានការប៉ះទង្គិចដល់កងទ័ពនៅទីនេះ ក៏ដូចជានាយទាហានជាន់ខ្ពស់មួយចំនួនដូចជាលោកឧត្តមសេនីយ៍ ប៉ូច សុខជា ដែលបានទិញដីដោយស្របច្បាប់ បែរជាផ្សាយថាគាត់បំពានបានដីរបស់កងទ័ព ដីរបស់ប្រជាពលរដ្ឋ លោកថានេះជារឿងមិនពិតទេ។
ជាថ្មីម្តងទៀតលោកក៏អំពាវនាវឱ្យទូរទស្សន៍អនឡាញនេះ ត្រូវតែផ្សាយកែតម្រូវឡើងវិញ ក្នុងករណីមិនផ្សាយកែតម្រូវឡើងវិញទេ លោកនឹងប្តឹងទៅតុលាការដើម្បីចាត់ការទៅតាមច្បាប់៕