(សៀមរាប)៖ លោក ស៊ឹម សុធន នាយកមូលនិធិជនពិការ បានដឹកនាំប្រតិភូមូលនិធិជនពិការ ចុះពិនិត្យលើវឌ្ឍនៈភាពការសាងសង់អាគារថ្មី និងជួសជុលអាគារមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តសៀមរាប នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១។
តាមរបាយការណ៍របស់លោក ជូ ប៊ុណ្ណារិទ្ធ ប្រធានសាខាមូលនិធិជនពិការខេត្តសៀមរាប បានឲ្យដឹងថា ខេត្តសៀមរាប គឺជាខេត្តដែលរងផលប៉ះពាល់ជំងឺកូវីដ១៩ខ្លាំងមួយ ដែលកត្តានេះធ្វើឱ្យប៉ះពាល់ដល់ការផ្តល់សេវាស្តារលទ្ធភាព ពលកម្មជូនជនពិការមួយផ្នែកធំ។
ជួសមុខឱ្យមន្រ្តីនៃមជ្ឈមណ្ឌលទាំងអស់ និងជនពិការក្នុងខេត្តសៀមរាប លោក ជូ ប៊ុណ្ណារិទ្ធ សូមថ្លែងអំណរគុណ ដល់លោកនាយក ដែលបានជួយជម្រុញ និងគាំទ្រដល់គម្រោងសាងសង់អាគារនេះ ក្នុងគោលដៅលើកកម្ពស់គុណភាព នៃការផ្តល់សេវាក្នុងខេត្តសៀមរាប ឱ្យកាន់តែប្រសើរឡើង។
ថ្លែងក្នុងការចុះត្រួតពិនិត្យនេះ លោក ស៊ឹម សុធន នាយកមូលនិធិជនពិការបានលើកឡើងថា ដោយពិនិត្យឃើញពីតម្រូវការចាំបាច់ របស់មជ្ឈមណ្ឌលស្តារលទ្ធភាព ពលកម្មកាយសម្បទាខេត្តសៀមរាប មូលនិធិជនពិការ បានសម្រេចផ្តល់ការសាងសង់អាគារទំហំ ១២ម៉ែត្រគុណ នឹង១៧ម៉ែត្រ កម្ពស់១ជាន់ មាន៥បន្ទប់។
ជាមួយគ្នានៃមូលនិធិជនពិការ ក៏បានធ្វើការជួសជុលអាគាររដ្ឋបាល១ខ្នង អាគារផលិតកម្ម១ខ្នង អាគារបន្ទប់ស្នាក់នៅ និងការិយាល័យ អាគារឃ្លាំង ជួសជុលនិងសាងសង់ថ្មីទីវាលសាធារណៈ ព្រមទាំងវាយចេញនិងសង់ថ្មីរបងខាងមុខក្រោយដល់មជ្ឈមណ្ឌលផងដែរ។
លោកនាយក ក៏បានថ្លែងអំណរគុណ និងកោតសរសើរ ដល់ប្រធានសាខាមូលនិធិជនពិការ និងមន្រ្តីមជ្ឈមណ្ឌលស្តារខេត្តសៀមរាបទាំងអស់ ដែលបានខិតខំបំពេញការងារកន្លងមក បើទោះជាស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩ក្នុងខេត្តសៀមរាប មានផល់ប៉ះពាល់ខ្លាំងយ៉ាងណាក្តី៕