(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលបន្ទុករៀបចំមហោស្រពវប្បធម៌អាស៉ី-អឺរ៉ុប ក្រោមប្រធានបទ «អាស៉ី និង អឺរ៉ុប៖ ចំណងវប្បធម៌ - Asia and Europe: Cultures Connect» ដែលជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២១។

ភាពចម្រុះនៃវប្បធម៌អាស៉ីនិងអឺរ៉ុប ត្រូវបានប្រារព្វឡើងនៅក្នុងមហោស្រពនេះ ជាមួយនឹងសិល្បទស្សនីយភាពច្រើនទម្រង់, ការតាំងពិព័រណ៍, ការចាក់បញ្ចាំងខ្សែភាពយន្ត និងកិច្ចពិភាក្សា ក្នុងគោលបំណងជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ការចែករំលែកបទពិសោធន៍ និងការយល់ដឹងអំពីភាពផ្សេងៗគ្នានៃវប្បធម៌ ដែលនាំមកនូវសុខដុមភាព ការអភិវឌ្ឍ និងកិច្ចសន្ទនាកាន់តែប្រសើរឡើងរវាងទ្វីបទាំងពីរ។

ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ នឹងប្រព្រឹត្តទៅពីថ្ងៃទី២២-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ ព្រមទាំងមានការរៀបចំតាំងពិព័រណ៍វប្បធម៌ដោយផ្ទាល់នៅសារមន្ទីរជាតិ និងការបញ្ចាំងខ្សែភាពយន្តនៅរោងភាពយន្តមេជើរស៉ីនេផ្លិច សាខាអ៉ីអន១ ក្នុងរាជធានីភ្នំពេញ៕