(កំពង់ធំ)៖ ឆ្លើយតបទៅនឹងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយនឹងគ្រួសារ ដែលបានទទួលមរណភាពដោយសារជំងឺកូវីដ១៩ លោក សាយ គឹមឡម អភិបាលស្រុក ស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារនាំយកថវិការបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រគល់ជូនគ្រួសារ សព១៦គ្រួសារ។

លោក សាយ គឹមឡម បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានជាពិសេសសម្តេចតេជោ ហ៊ុន សែន បានខិតខំ ការពារនូវការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងនោះសម្តេចក៏បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយនឹងគ្រួសារសពផងដែរ។

លោក សាយ គឹមឡម បានបញ្ជាក់ថា បច្ចុប្បន្ននេះអត្រាឆ្លង និងទទួលមរណភាពដោយសារជំងឺកូវីដ១៩ មានការថយចុះគួរឲ្យកត់សម្គាល់ ហើយចំនួនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មានជាង១៣លាននាក់រួចហើយ។ ចំពោះអ្នកទទួលមរណភាព ក្នុងពេលកន្លងមកថ្មីៗនេះភាគច្រើន គឺអ្នកដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំង ហើយអ្នកដែលបានចាក់វ៉ាក់សាំងរួចការព្យាបាលឆាប់ជាសះស្បើយ អាចទៅបន្ត ការងាររបស់ខ្លួនបាន។

លោកអភិបាលស្រុកស្ទោង ក៏បានសំណូមពរដល់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋដែលនៅសេសសល់ មិនទាន់បានចាក់វ៉ាក់សាំងមេត្តាទៅរកទីតាំងចាក់វ៉ាក់សាំង នៅតាមមន្ទីរពេទ្យនានាឲ្យបានគ្រប់ៗគ្នា ហើយត្រូវបន្តការប្រុងប្រយ័ត្នជានិច្ចក្នុងការការពារទប់ស្កា់ត់ការឆ្លងជំងឺកូវីដ-១៩ ទោះបីបានចាក់វ៉ាក់សាំងរួចហើយក្តីត្រូវ អនុវត្តឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់ តាមវិធានការ ៣កុំ និង៣ការពារ។

សូមបញ្ជាក់ថា ពលរដ្ឋដែលទទួលបានថវិកាពីប្រមុខរដ្ឋាភិបាលមាន ១៦គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកា ២លានរៀល៕