(ភ្នំពេញ)៖ សាកលវិទ្យាល័យជាតិមានជ័យ បានបង្ហាញនូវរបាយការណ៍ស្រាវជ្រាវមួយរបស់ខ្លួន ដោយលើកឡើងថា ការដំឡើងពន្ធលើផលិតផលថ្នាំជក់ នៅកម្ពុជា ជាផ្នែកមួយក្នុងការជំរុញឱ្យអ្នកជក់បារី មានការផ្តាស់ប្តូរក្នុងការសម្រេចចិត្តឈប់ជក់ ឬកាត់បន្ថយការជក់បារី។
យោងតាមគោលនយោបាយសង្ខេបរបស់សាកលវិទ្យាល័យនេះបានឱ្យដឹងថា នៅកម្ពុជាមនុស្ស ១៥,០០០នាក់បានស្លាប់ ជារៀងរាល់ឆ្នាំ ដោយសារជំងឺបណ្តាលមកពីការប្រើប្រាស់ថ្នាំជក់ ហើយបញ្ហានេះបានធ្វើឱ្យកម្ពុជាខាតបង់សេដ្ឋកិច្ចជាតិ ប្រមាណជាង ២.៧១ទ្រីលានរៀលក្នុងមួយឆ្នាំ ស្មើនឹង ៣% នៃ GDP (RTI, MoH, UNDP, FCTC, WHO, 2019)។ កម្ពុជាស្ថិតនៅក្នុងបណ្តាប្រទេសមានអត្រាពន្ធទាប លើផលិតផលថ្នាំជក់បើប្រៀបធៀប ជាមួយ ប្រទេសនៅក្នុងតំបន់អាស៊ាន (SEATCA, 2019)។
បច្ចុប្បន្នពន្ធលើផលិតផលថ្នាំជក់នៅកម្ពុជាគឺ ២៥% និង៣១% នៃតម្លៃលក់រាយ សម្រាប់បារីផលិតក្នុងស្រុក និងបារីនាំចូលតាមលំដាប់(SEATCA, 2018)។ លើសពីនេះ ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាស្តីពីការត្រួតពិនិត្យថ្នាំជក់ (FCTC) នៃអង្គការសុខភាពពិភពលោក ប្រទេសកម្ពុជាត្រូវបង្កើនពន្ធលើផលិតផលថ្នាំជក់ យ៉ាងហោចណាស់ ៧០% នៃតម្លៃលក់រាយ ដើម្បីឆ្លើយតបតាមអត្រាដែលបានណែនាំដោយអង្គការសុខភាពពិភពលោក និងធនាគារពិភពលោក (WHO, 2011)។
ប្រព័ន្ធព័ត៌មានបច្ចុប្បន្ន កាន់តែមានភាពសម្បូរបែប ដូច្នេះការទទួលបាននូវព័ត៌មាន និងចំណេះដឹងក៏កាន់តែទូលំទូលាយជាងមុន។ តាមរយៈលទ្ធផលនៃការស្ទង់មតិ ប្រជាពលរដ្ឋស្ទើរតែ៩៩% មានការយល់ដឹងពីភាពគ្រោះថ្នាក់ និងផលប៉ះពាល់នៃការជក់បារី ទាំងទៅលើសុខភាព និងសង្គមជាដើម។ សម្រាប់ប្រជាពលរដ្ឋដែលគាំទ្រ ឱ្យបន្ថែមអត្រាពន្ធ គឺចង់ឱ្យដំឡើងពន្ធរហូតដល់ ៦២% នៃតម្លៃលក់រាយច្រើនជាង២ដង នៃអត្រាពន្ធនាពេលបច្ចុប្បន្ន។
ការដំឡើងថ្លៃបារី ជាផ្នែកមួយក្នុងការជំរុញឱ្យអ្នកជក់បារីមានការផ្តាស់ប្តូរនូវការសម្រេចចិត្តឈប់ជក់ ឬកាត់បន្ថយការជក់បារី។ តាមរយៈការអង្កេតបង្ហាញថា ជាងពាក់ កណ្តាល នៃអ្នកជក់បារីនឹងធ្វើការសម្រេចចិត្តឈប់ជក់ ក្នុងករណីដែលបារីឡើងថ្លៃរហូតទៅដល់៤ដង ធៀបនឹងតម្លៃដែលបានទិញចុងក្រោយ ៣០០០រៀល/កញ្ចប់៕
សូមអានគោលនយោបាយសង្ខេបរបស់សាកលវិទ្យាល័យជាតិមានជ័យទាំងស្រុង មាននៅខាងក្រោមនេះ៖