(ភ្នំពេញ)៖ និយ័តករមូលបត្រកម្ពុជា នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ជុំវិញការដោះស្រាយ ជាបន្ដបន្ទាប់បណ្ដឹង របស់អតិថិជនលើក្រុមហ៊ុន GoldFX Investment (GFX)។
សេចក្ដីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែវិច្ឆិកានេះបានឲ្យដឹងថា បន្ទាប់ពីនិយ័តករមូលបត្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ឲ្យអតិថិជនក្រុមហ៊ុន GoldFX Investment អាចដាក់ពាក្យបណ្តឹងនៅ និយ័តករមូលបត្រកម្ពុជា តាមនីតិវិធីច្បាប់ជាធរមាន និងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ អំពីការអនុវត្តទាំងឡាយដែល និយ័តករមូលបត្រកម្ពុជា បានធ្វើ ហើយរហូតមកដល់ពេលនេះ និយ័តករមូលបត្រកម្ពុជា នៅតែបន្តទទួលបានពាក្យបណ្តឹង របស់អតិថិជនក្រុមហ៊ុន GoldFX Investment ជាបន្តបន្ទាប់ទៀត។
ជាមួយគ្នានេះ និយ័តករមូលបត្រកម្ពុជា បានបន្តដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដែលជាលទ្ធផល៖
១៖ អតិថិជន៥១រូប ដែលបានបើកគណនី និងធ្វើប្រតិបត្តិការជួញដូរស្របតាមលក្ខខណ្ឌច្បាប់ និងអាជ្ញាបណ្ណដែលផ្តល់ឲ្យក្រុមហ៊ុនធ្វើជាឈ្មួញជើងសាឧបករណ៍ និស្សន្ន ដោយអតិថិជនទាំង៥១រូបនេះ បានទទួលការដោះស្រាយ ទូទាត់ប្រាក់វិនិយោគរបស់ខ្លួនគ្រប់ចំនួនរួចរាល់ និងបានធ្វើការបិទគណនីជួញដូរអស់ហើយ។
២៖ និយ័តករមូលបត្រកម្ពុជា បាននិងកំពុងអនុវត្តនីតិវិធីជាមន្ត្រីនគរបាលយុត្តិធម៌ រៀបចំសំណុំរឿងក្រោមការដឹកនាំ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លើប្រតិបត្តិការ របស់ក្រុមហ៊ុន ជាមួយអតិថិជនផ្សេងទៀត ដែលប្រតិបត្តិការទាំងនេះ ស្ថិតក្រោមការសង្ស័យនូវការអនុវត្តខុសអាជ្ញាបណ្ណ និងការអនុវត្តពុំមានអាជ្ញាបណ្ណស្របច្បាប់ ដើម្បីកសាងសំណុំរឿងទៅស្ថាប័នអយ្យការស្របតាមនីតិវិធីច្បាប់ ដោយមន្ត្រីនគរបាលយុត្តិធម៌របស់ និយ័តករមូលបត្រកម្ពុជា នឹងស្នើសុំការអនុវត្តតាមច្បាប់ដ៏តឹងរឹង ចំពោះជនដែលពាក់ព័ន្ធទាំងអស់។ កន្លងមក មន្ត្រីនគរបាលយុត្តិធមិរបស់ និយ័តករមូលបត្រកម្ពុជា បានកោះហៅតំណាងម្ចាស់បណ្តឹង២ក្រុម (ម្ចាស់បណ្តឹងសរុបចំនួន២៨៤រូប) និងម្ចាស់បណ្ដឹងផ្សេងទៀត បានចំនួន១១៣រូប រួចហើយ។
៣៖ មន្ត្រីនគរបាលយុត្តិធមិរបស់ និយ័តករមូលបត្រកម្ពុជា បាននិងកំពុងស៊ើបអង្កេតបន្ថែមលើប្រតិបត្តិការរបស់ក្រុមហ៊ុន GFX International ដែលសង្ស័យថា បានធ្វើប្រតិបត្តិការដោយគ្មានអាជ្ញាបណ្ណ និងដែលមានការជាប់ពាក់ព័ន្ធនឹងបណ្តឹង របស់អតិថិជនមួយចំនួនតាមនីតិវិធីច្បាប់ ដើម្បីរៀបចំជាសំណុំរឿងបញ្ជូន ទៅអយ្យការចាត់ការតាមនីតិវិធីបន្ត។
៤៖ ការប្រព្រឹត្តល្មើសទៅនឹងលក្ខខណ្ឌអាជ្ញាបណ្ណ និងប្រតិបត្តិការគ្មានអាជ្ញាបណ្ណ នឹងត្រូវផ្តន្ទាទោសស្របតាមច្បាប់ ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន ដូចខាងក្រោម៖
លើកលែងតែពាណិជ្ជករមូលបត្រអញ្ញត្រកម្ម ឬ ពាណិជ្ជករពាក់ព័ន្ធនឹងប្រតិបត្តិការមូលបត្រអញ្ញត្រកម្ម បុគ្គលណាដែលធ្វើអាជីវកម្មមូលបត្រ ឬតាំងខ្លួនជាអ្នក ធ្វើអាជីវកម្ម មូលបត្រក្នុងទម្រង់ជាក្រុមហ៊ុនមូលបត្រឬ ជនណាដែលធ្វើជា ឬ តាំងខ្លួនជាភ្នាក់ងារក្រុមហ៊ុនមូលបត្រ ដើម្បីធ្វើអាជីវកម្មមូលបត្រ ដោយគ្មានអាជ្ញាបណ្ណ ពីអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ដល់៥ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ២,០០០,០០០រៀល ដល់១០,០០០,០០០រៀល។
នីតិបុគ្គលដែលប្រព្រឹត្តបទល្មើស ដូចមានចែងក្នុងកថាខណ្ឌទី១ ខាងលើ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ២០,០០០,០០០រៀល ដល់៥០០,០០០,០០០រៀល៕