(ព្រៃវែង)៖ សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបដិសធទាំងស្រុងចំពោះការចុះផ្សាយតាមបណ្តាញសង្គម ដែលមិនមែនជាការពិត ចំពោះការឈូសឆាយដីរបស់សាកលវិទ្យាល័យ។
សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ បានកត់សម្គាល់ឃើញថា បណ្ដាញសារព័ត៌មានមួយបានចុះផ្សាយនៅលើបណ្ដាញសង្គមរបស់ខ្លួនកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ ខុសពីការពិត និងបំប៉ោងសាច់រឿងក្នុងចេតនាមួលបង្កាច់បង្ខូចថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ក៏ដូចជាលោកឧកញ៉ា នី សម្បត្តិ និងក្រុមហ៊ុនម៉ៅការឈូសឆាយទាក់ទងទៅនឹងការប្រើគ្រឿងចក្រឈូសឆាយកាន់កាប់បំផ្លាញដើមស្វាយចន្ទី និងដំឡូងមីរបស់ប្រជាពលរដ្ឋរាប់សិបហិចតា ដែលមានទីតាំងនៅជាប់ភូមិជាច្រើនក្នុងឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។
ពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានខាងលើសាកលវិទ្យាល័យ ជាស៊ីម កំចាយមារ សូមជម្រាបជូនសាធារណជនគ្រប់ចំណាត់ថ្នាក់ក៏ដូចជាបណ្ដាញសារព័ត៌មាន ជ្រាបថា៖
*ទី១៖ ដីកំពុងឈូសឆាយនេះ គឺជាកម្មសិទ្ធិរបស់សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ដែលបានចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុដោយស្របច្បាប់លេខ៖ ព.វ ០០៣៥១៦ចុះថ្ងៃទី ២១ ខែមករាឆ្នាំ ២០១១ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តព្រៃវែង។
*ទី២៖ កន្លងមករដ្ឋបាលខេត្តព្រៃវែង រដ្ឋបាលស្រុកកំចាយមារ និងសាកលវិទ្យាល័យ ជា សុីម កំចាយមារ បានសហការ និងសម្របសម្រួលអញ្ជើញប្រជាពលរដ្ឋដែលចូលមកកាន់កាប់អាស្រ័យផលលើដីនេះដោយខុសច្បាប់ឱ្យសហការ និងសម្របសម្រួល អញ្ជើញបងប្អូនប្រជាពលរដ្ឋចូលកាន់កាប់អាស្រយផលលើដីនេះដោយខុសច្បាប់ឱ្យមកទទួលស្គាល់ និងធ្វើកិច្ចសន្យាបញ្ឈប់ការលុកលុយទន្ទ្រានកាន់កាប់ និងដាំដុះដំណាំដោយខុសច្បាប់លើដីនេះបន្តទៀត ដើម្បីសាកលវិទ្យាល័យធ្វើការអភិវឌ្ឍបម្រើឱ្យវិស័យអប់រំ។
*ទី៣៖ បច្ចុប្បន្នសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ កំពុងអភិវឌ្ឍដីនេះឱ្យក្លាយទៅជាកសិដ្ឋានគំរូសម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ទៅលើវិស័យកសិកម្ម ដែលមានទាំងការចិញ្ចឹមសត្វ និងដាំដំណាំសំដៅផ្ដល់ឱ្យនិស្សិតសាកលវិទ្យាល័យមានឱកាសស្រាវជ្រាវចុះកម្មសិក្សានិង ផ្សព្វផ្សាយ ចំណេះដឹងកសិកម្មថ្មីៗ ជូនដល់សហគមន៍នៅក្នុងតំបន់។
*ទី៤៖ សាកលវិទ្យាល័យក៏សូមធ្វើការបញ្ជាក់ជូនផងដែរថា ក្រុមហ៊ុន អេស ប៊ី ហ្វាម បានសហការផ្ដល់ពូជសម្រាប់ការដាំដុះ និងទិញផលិតផលពីនិស្សិតក៏ដូចជាសហគមន៍ដែលផលិតកសិផលបានដើម្បីស្វែងរកទីផ្សារជូន និងបង្កើនកម្រិតជីវភាពនៃការរស់នៅរបស់និស្សិតក៏ដូចជាសហគមន៍ដោយមិនពាក់ព័ន្ធនឹងការឈូសឆាយកាន់កាប់ពីសំណាក់ឧកញ៉ា នី សម្បត្តិ ដូចការលើកឡើងនៅក្នុងបណ្ដាញសារព័ត៌មានមួយនោះនោះទេ។
សាកលវិទ្យាល័យ ជា ស៊ីមកំចាយមារ «ពិតជាមានការសោកស្ដាយយ៉ាងខ្លាំងចំពោះបណ្ដាញសារព័ត៌មានគេហទំព័រផែនដីថ្មី ដែលបានចុះផ្សាយដោយមិនបានស្វែងយល់អំពីការពិតក៏ដូចជាការសូមធ្វើការបដិសេធទាំងស្រុងចំពោះព័ត៌មានមិនពិតដែលចុះផ្សាយ និងសូមស្នើឱ្យបណ្ដាញព័ត៌មានគេហទំព័រផែនដីថ្មី កែតម្រូវអត្ថបទរបស់ខ្លួនតាមការគួរជៀសវាងធ្វើឱ្យមិត្តអ្នកអានបណ្ដាញសារព័ត៌មានគេហទំព័រផែនដីថ្មី ក៏ដូចជាសាធារណជនមានការភ័ន្តច្រឡំ»៕