* ក្រសួងការបរទេស បានជូនដំណឹងទៅតាមច្រកទ្វារអន្តរជាតិកម្ពុជាទាំងអស់ មិនត្រូវអនុញ្ញាតឱ្យឈ្មោះ អាឡិចសង់ដ្រូ ចូលមកកម្ពុជាទេ
(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ប្រាប់អគ្គនាយកដ្ឋានអន្តោប្រវេសន៍របស់ក្រសួងមហាផ្ទៃថា រហូតដល់ពេលនេះ e-Visa របស់លោក អាឡិចសង់ដ្រូ ហ្គន់ស្សាឡេស ឌីវិសុន ( Alejandro Gonzalez Davidson) ត្រូវបានខ្លួនលុបចោលវិញហើយ បន្ទាប់ពីមានបញ្ហាបច្ចេកទេសលើ Blacklist កន្លងមក បណ្តាលឲ្យការិយាល័យ e-Visa បានចេញ e-Visa ឲ្យ អាឡិច កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦។
កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦ ក្រសួងការបរទេស បានផ្តល់ e-Visa ទៅឱ្យអាឡិចសង់ដ្រូ ស្ថាបនិកចលនាមាតាធម្មជាតិ នៅកម្ពុជា ដែលត្រូវបានក្រសួងមហាផ្ទៃវ៉ៃត្រាក្រហមហាមចូល ដោយសារតែបញ្ហាប្រព័ន្ធត្រួតពិនិត្យបញ្ជីខ្មៅ (Blacklist) មានភាពរអាក់រអួល។
ទោះជាយ៉ាងនេះក្តី តាមលិខិតរបស់លោក ឡុង វិសាលោ រដ្ឋលេខាធិការក្រសួងការបរទេស ដែលចេញនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ ថ្មីនេះ បានអះអាងថា រហូតដល់ពេលនេះ e-Visa ដែលផ្តល់ជូនជនជាតិអេស្ប៉ាញ អាឡិចសង់ដ្រូនោះ ត្រូវបានលុបហើយ។ ក្រសួងនេះ ក៏បានជូនដំណឹងទៅតាមច្រកទ្វារអន្តរជាតិកម្ពុជាទាំងអស់ មិនត្រូវអនុញ្ញាតឱ្យឈ្មោះ អាឡិចសង់ដ្រូ ចូលមកកម្ពុជាទេ។
លោក អាឡិចសង់ដ្រូ ត្រូវបានក្រសួងមហាផ្ទៃ បណ្តេញចេញកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៥ បន្ទាប់ពីបានធ្វើសកម្មភាពប្រឆាំងមួយចំនួន នៅតំបន់អារ៉ែង និងប្រឆាំង ការបូមខ្សាច់នៅក្នុងខេត្តកោះកុង ដែលអាជ្ញាធរអះអាងល្មើសច្បាប់នៅកម្ពុជា ក្នុងនោះសមាជិករបស់អាឡិច ៣នាក់ ត្រូវបានតុលាការឃុំខ្លួនផងដែរ៕