(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានចុះជួបសំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋសមាជិកសហគមន៍កសិកម្មកសិករខ្មែរ និងចុះពិនិត្យស្ថានភាពផលិតកម្មដំណាំបន្លែ នៅភូមិខ្ពប ឃុំព្រែកសំបួរ ស្រុកពាមជរ ខេត្តព្រៃវែង។

លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា នៅខេត្តព្រៃវែង មានសហគមន៍កសិកម្មចំនួន ១៣៩សហគមន៍ និងបណ្តុំអាជីវកម្មផលិតកម្មកសិកម្មដំណាំ និងការចិញ្ចឹមសត្វសរុបចំនួន ១៥២បណ្តុំ ដែលកំពុងអនុវត្តន៍ផលិតកម្មល្អ សម្រាប់ផ្គត់ផ្គង់ទៅកានទីផ្សារទាំក្នុង និងក្រៅខេត្ត។ ដោយឡែកសហគមន៍កសិកម្មកសិករខ្មែរ ជាសហគមន៍ផ្តោតលើការផលិតបន្លែសុវត្ថិភាពគ្រប់ប្រភេទ ទៅតាមតម្រូវការទីផ្សារ ដោយក្នុង១ថ្ងៃៗ មានសមត្ថភាពផលិត និងប្រមូលទិញពីសមាជិកនាំទៅលក់នៅទីផ្សារអ្នកលឿង ផ្សារនាគមាស ផ្សារគួរស្រូវជាដើម ក្នុងបរិមាណពី៣ទៅ៥តោនក្នុង១ថ្ងៃ។

នៅក្នុងឱកាសនោះដែរ លោក ជា សុមេធី បានថ្លែងនូវការកោតសរសើរ ដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានគាំទ្របង្កើតឱ្យមានសហគមន៍កសិកម្ម និងបណ្តុំអាជីវកម្មផលិតកម្មកសិកម្មជាច្រើននៅក្នុងខេត្តព្រៃវែង ដោយបានសហការបណ្តាដៃគូរអភិវឌ្ឍន៍នានា ជួយគាំទ្រយ៉ាងសកម្ម ទាំបច្ចេកទេស សម្ភារដើមទុនដល់សហគមន៍ ដើម្បីមានលទ្ធភាពបង្កើនការផលិត និងការនាំទៅលក់នៅទីផ្សារ។

លោកអភភិបាលខេត្ត ក៏បានថ្លែងផ្តាំផ្ញើរដល់សមាជិកសហគមន៍ ឱ្យយកចិត្តទុកដាក់ដាំដុះបន្លែបន្ថែមទៀត ហើយកាត់បន្ថយការប្រើប្រាស់សារធាតុគីមីផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាអ្នកប្រើប្រាស់។ហើយលោកប្រធានមន្ទីរ និងមន្ត្រីជំនាញ នៃមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យកចិត្តទុកដាក់បន្ថែមទៀតក្នុងការគាំទ្រដល់សហគមន៍ផលិតបន្លែនេះ ឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀត។

សូមបញ្ជាក់ថា លោក ជា សុមេធី និងប្រតិភូតអមដំណើរបានចុះពិនិត្យមើលស្ថានីយ៍មូបទឹក និងប្រព័ន្ធស្រោចស្រពដំណាំបន្លែ ដែលបានគាំទ្រដោយ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយក៏បានមើលការដាំដុះដំណាំបន្លែរបស់កសិករ ជាសមាជិកសហគមន៍កសិកម្មកសិករខ្មែរ មានដូចជា ដំណាំល្ហុង ត្រសក់ ពពាយស្បែក ត្រប់ ល្ពៅ ពោតបារាំង សណ្តែកគួរជាដើម។

នៅក្នុងដំណើបេសកកម្មនោះលោកអភិបាលខេត្ត បានជួបសំណេះសំណាល និងចែកសម្ភារដល់ក្រុមបណ្តុំអាជីវកម្មផលិតកម្មបន្លែចំនួន៤០គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានសំណាញ់១ដុំ និងគ្រាប់បន្លែ មានស្ពៃគ្រប់ប្រភេទ ត្រប់ សណ្តែកគួរ និងគ្រាប់ត្រកួន ដែលគាំទ្រដោយកម្មវិធី ASPIRE។ នៅក្នុងពិធីនេះដែរ ក៏មានការចូលរួមជួយឧបត្ថម្ភរបស់ក្រុមហ៊ុន ហ៊ូយន់ នូវកំបោរកសិកម្ម ចំនួន២តោន ជីកសិកម្មសរីរាង្គ១តោន និងជីទឹកសរីរាង្គចំនួន៥កេស។

ជាមួយគ្នានេះ លោកក៏បានផ្តល់ជូននូវទឹកសុទ្ធ និងសម្ភារការពារឆ្លងជំងឺកូវីដ១៩ មានដូចជាម៉ាស់ អាល់កុល និងជេលលាងដៃ ហើយថែមទាំងផ្តល់ប្រាក់ដល់សហគមន៍ចំនួន ១លានរៀល ជូនដល់សហគមន៍ និងផ្តល់ជូនសមាជិកសហគមន៍ចូលរួមចំនួន៤០នាក់ ដោយទទួលបានប្រាក់២ម៉ឺនរៀល៕