(ភ្នំពេញ)៖ ក្រុមហ៊ុនយូនីលីវើ ខេមបូឌា និងសាខាកាកបាទក្រហមរាជធានីភ្នំពេញ បានចូលរួមចំនែកផ្សព្វផ្សាយសុវត្តិភាពចរាចរណ៍ផ្លូវគោកក្រោមប្រធានបទ យុទ្ធនាការ «គ្មានអង្គែ ការពារជីវិត» ក្នុងគោលដៅបង្កើនការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងជំរុញការពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ជាពិសេសក្នុងអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខ។
ក្នុងពិធីនេះ មានការអញ្ជើញចូលរួមជាអធិបតី លោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ រួមជាមួយសមាជិក-សមាជិកា ព្រមតំណាងគណៈគ្រប់គ្រង ក្រុមហ៊ុន យូនីលីវើ ខេមបូឌា និងលោកគ្រូ-អ្នកគ្រូ ក៏ដូចជាសិស្សានុសិស្សប្រមាណជាងមួយពាន់នាក់។
លោកប៉ា សុជាតិវង្ស បានថ្លែងថា សារៈសំខាន់នៃការពាក់មួកសុវត្ថិភាព និងគោរពច្បាប់ចរាចរណ៍ សំដៅកាត់បន្ថយអត្រាមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ ពិសេសក្នុងអំឡុងពេលបុណ្យទាន ដូចជាបុណ្យចូលឆ្នាំខែ្មរជាដើម ដែលសំបូរមនុស្សម្នាធ្វើដំណើរច្រើន។
លោក បន្ថែមថា យុទ្ធនាការថ្ងៃនេះនឹងចូលរួមចំណែកលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តច្បាប់ចរាចរណ៍ ឲ្យបានខ្ជាប់ខ្ជួនជាងមុន ដោយក្នុងឆ្នាំ២០១៦នេះ ហើយសង្ឃឹមថាកិច្ចខិតខំប្រឹងប្រែងទាំងនេះ នឹងអាចកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ និងអត្រាមរណៈពីគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០១៦ ។
លោក លី សុធូ តំណាងក្រុមហ៊ុន យូនីលើវើ ខេមបូឌា បានថ្លែងថា «ដើម្បីជំរុញឲ្យអ្នកធ្វើដំណើរតាមម៉ូតូទាំងអស់ពាក់ មួកសុវត្ថិភាព ឲ្យបានត្រឹមត្រូវក្រុមហ៊ុន យូនីលីវើ ដែលមានសាប៊ូកក់សក់កម្ចាត់អង្គែរឈានមុខនៅកម្ពុជាគឺ ក្លៀរបានសម្រេចបង្កើតយុទ្ធនាការ «គ្មានអង្គែ ការពារជីវិត» ហើយយើងខ្ញុំសង្ឃឹមថាយុទ្ធនាការនេះនឹងក្លាយជាចំណែកមួយក្នុងការជួយដល់សង្គម និងប្រជាជនកម្ពុជា»។
តាមលោក Fredy Ong អភិបាលក្រុមហ៊ុន យូនីលីវើប្រចាំកម្ពុជា និងឡាវ បានឲ្យដឹងថា ដើម្បីបន្តគាំទ្រយុទ្ធនាការ គ្មានអង្គែការពារជីវិតសាប៊ូកក់សក់ក្លៀរ ត្រៀមនឹងបង្កើតកម្មវិធីសំអាតមួកសុវត្ថិភាព ពិនិត្យស្បែកក្បាល និងចែកជូន ផលិតផលសាប៊ូកក់សក់កម្ចាត់អង្គែក្លៀរ ដល់ប្រជាជនកម្ពុជា ប្រមាណ២៧០ពាន់នាក់ នៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង កំពង់ចាម និងខេត្តសៀមរាប នៅចុងខែមេសាខាងមុខនេះផងដែរ៕