(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានបន្តក្រើនរំឮកដល់ប្រជាពលរដ្ឋសូមកុំធ្វេសប្រហែសជាមួយនឹងជំងឺកូវីដ១៩ ឱ្យសោះ ដោយត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការណ៍របស់រាជរដ្ឋាភិបាល «៣ការពារ និង៣កុំ» ឱ្យបានខ្ជាប់ខ្ជួន ខណៈដែលរាជរដ្ឋាភិបាលបានសម្រេចបើកប្រទេសឡើងវិញ។

ការក្រើនរំឮកបែបនេះ របស់លោកអភិបាលខេត្តបានធ្វើឡើងក្នុងឱកាសដែលលោក និងក្រុមការងារនាំយកអំណោយមនុស្សធម៌របស់សាខា ចែកជូនដល់ជនងាយរងគ្រោះមានចាស់ជរា ជនពិការ កុមារកំព្រា គ្រួសារមានជំងឺប្រចាំកាយ ស្ត្រីមេម៉ាយមានកូនច្រើន អ្នករស់នៅជាមួយេមរោគអេដស៍ និងទីទ័លក្រ ក្នុងស្ថានភាពការជួបវិបត្តិនៃជំងឺកូវីដ១៩ ចំនួន ៦០គ្រួសារ មកពី៧សង្កាត់ ក្នុងក្រុងស្វាយរៀង នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

នាឱកាសនោះដែរ លោកអភិបាលខេត្ត បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវជាពិសេសពេលធ្វេីដំណេីរដោយម៉ូតូត្រូវពាក់មួកសុវត្ថិភាពឱ្យបានគ្រប់ៗគ្នា ម្យ៉ាងទៀតត្រូវធ្វេីការអប់រំណែនាំកូនចៅឱ្យជៀសឆ្ងាយពីបញ្ហាគ្រឿងញៀន។

អំណោយដែលបានផ្តល់ជូនក្នុង១គ្រួសារទទួលបាន៖ អង្ករ៣០ គីឡូក្រាម, មី ១កេស, ត្រីខ១០កំប៉ុង, ទឹកស៊ីអ៉ីវ៦ដប, កន្ទេលបត់១, ឃីត ១កញ្ចប់ (មុង ១ ភួយ ១ ក្រម៉ា ១ សារុង ១) និងថវិកាមួយចំនួនទៀត៕