(ឥណ្ឌា)៖ យោងតាមរបាយការណ៍ចុងក្រោយបានបញ្ជាក់ឲ្យដឹងថា អ្នកស្លាប់ដោយសារផ្ទុះឆេះនៅក្នុងវិហារបុរាណមួយកន្លែង ឈ្មោះ Paravoor Kollam នៅក្នុងរដ្ឋ Kerala របស់ប្រទេសឥណ្ឌា បានកើនឡើងដល់ ៦០នាក់ ខណៈអ្នករបួសកើនឡើងដល់ជាង ២០០នាក់ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Indian Express ចេញផ្សាយ Update មុននេះបន្ដិច។
អាជ្ញាធរបានបញ្ជាក់ឲ្យដឹងថា អ្នករបួសភាគច្រើនគឺត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅក្បែរកន្លែងកើតហេតុ ហើយហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាន ៣៖៣០នាទីទាបភ្លឺ ជាព្រឹកថ្ងៃនៃការរៀបចំពិធីបុណ្យ Vishu ជាពិធីបុណ្យសាសនាហិណ្ឌូ ដែលតែងតែប្រារព្វធ្វើឡើងនៅក្នុងរដ្ឋ Kerala របស់ប្រទេសឥណ្ឌា។
ប្រភពព័ត៌មានក្រៅផ្លូវការបានឲ្យដឹងថា មូលហេតុនៃការផ្ទុះឆេះនេះ អាចបណ្ដាលមកពីការដុចកាំជ្រួច ព្រោះនៅក្នុងវិហារនោះជាកន្លែងរក្សាទុកកាំជ្រួចសម្រាប់ដុចក្នុងពេលរៀបចំពិធីបុណ្យម្ដងៗ ប៉ុន្តែនេះគ្រាន់តែជាការសន្និដ្ឋានជាជំហានដំបូងប៉ុណ្ណោះ ចំណែកព័ត៌មានលម្អិតអាជ្ញាធរកំពុងតែធ្វើការស៊ើបអង្កេត៕