(ភ្នំពេញ)៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឲ្យដឹងថា ក្រសួងអប់រំកំពុងពិចារណពន្យារពេលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២០-២០២១ ដែលគ្រោងរៀបចំនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ទៅដើមឆ្នាំ២០២២វិញ។

ការលើកឡើងរបស់លោករដ្ឋមន្ត្រី ធ្វើឡើងក្នុងពិធីដំណើរចុះទស្សនកិច្ច និងសម្ពោធ Digital Economy Lab និងសម្ពោធវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន នៅសាលវិទ្យាល័យជាតិគ្រប់គ្រង។

លោករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «ក្រសួងនឹងពិនិត្យមើលពន្យារពេលប្រឡង [បាក់ឌុប] ដើម្បីឲ្យសិស្សមានពេលគ្រប់គ្រាន់ ដើម្បីរៀន។ សំខាន់គាត់ត្រូវខំរៀន ហើយក្រសួងកំពុងតែពិភាក្សារៀបចំប្រឡងយ៉ាងណា ដោយសារសម្តេចនាយករដ្ឋមន្ត្រី បានសម្រេចចិត្តជានយោបាយថា ត្រូវប្រឡងឲ្យបានល្អ។ អីចឹងក្រសួងនឹងពន្យារពេល ដើម្បីឲ្យសិស្សមានពេលគ្រប់គ្រាន់ នៅក្នុងការរៀន ហើយការប្រឡងទៀតសោធ ដើម្បីលើកទឹកចិត្តឲ្យសិស្សខំប្រឹងរៀន បើសិនជាយើងមិនឲ្យគាត់ប្រឡង គឺច្បាស់ជាគាត់ឈប់រៀន ហើយយើងនឹងពិភាក្សាគ្នាប្រហែលជាអាចប្រឡងនៅដើមឆ្នាំក្រោយ»

សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់កាលបរិច្ឆេទប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ដោយប្រកាសលទ្ធផលនៅថ្ងៃទី២៨-២៩ ខែធ្នូ ឆ្នាំ២០២១។ ប៉ុន្តែពេលនេះកំពុងស្ថិត នៅក្នុងដំណាក់កាលពិចារណាពន្យារពេល៕