(ភ្នំពេញ)៖ ក្រុមប្រជាពលរដ្ឋ និងអាជីវករពិឃាតសត្វគោក្របី នៅភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារជាច្រើននាក់ បានសម្តែងការមិនពេញចិត្ត និងរហូតប្តឹងឲ្យអាជ្ញាធរខណ្ឌជ្រោយចង្វារ ជួយអត្តរាគមន៍ករណីលោក សេន គ្រីយ៉ា ម្ចាស់ទីតាំងសត្តឃាតគោ-ក្របី នៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ មិនព្រមឱ្យពួកគាត់ចូលទិញគោ ដែលនាំមកពីប្រទេសថៃ នៅបរិវេណទីតាំងសត្តឃាតរបស់គាត់ ពោលបើបង់ចង់ទិញគោតម្រូវឲ្យបង់ថ្លៃគោមួយក្បាល២ម៉ឺនរៀលថែមទៀត។
ប្រជាពលរដ្ឋនៅភូមិបាក់ខែងលើ បានលើកឡើងថា ទីសត្តឃាត (កុងស៊ីកាប់គោក្របី) នៅស្ពានលេង៦ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ កំពុងតែបង្ក ឱ្យប៉ះពាល់ដល់បរិស្ថានជុំវិញយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានប្រជាពលរដ្ឋ នាំគ្នា ផ្តិតមេដៃប្តឹងទទូច សុំឱ្យអាជ្ញាធរសង្កាត់ជួយអន្តរាគមន៍ដោះស្រាយ ខណៈដែលរដ្ឋបាលខណ្ឌជ្រោយចង្វារ ធ្លាប់បានណែនាំឱ្យម្ចាស់ រកទីតាំងថ្មីសមស្របដោយមិនបន្តច្បាប់អនុញ្ញាតនោះ។
បើតាមប្រជាពលរដ្ឋ និងក្រុមអាជីវករ កន្លែងកុងស៊ីកាប់គោនេះ ត្រូវបានគេដឹងថា ស្ថិតនៅតាមមាត់ប្រឡាយខាងជើងស្ពានទី៦ ក្នុងភូមិបាក់ខែងលើ ដោយមានម្ចាស់ឈ្មោះ សេន គ្រីយ៉ា ជាជនជាតិខ្មែរឥស្លាម បានកាប់គោក្របីមួយ ថ្ងៃរាប់រយក្បាល រួចបង្ហូរកាកសំណល់ ដូចជា សាច់ ឈាម ចូលទៅក្នុងប្រឡាយតែម្តង។ ក្រៅពីនោះ នៅជុំវិញក្នុងភូមិសុទ្ធតែរោងចិញ្ចឹម គោអាចម៌ បែកម៉ាំស្អុយអសោចិ៍ពេញភូមិ ព្រមទាំងហូរចូលទៅក្នុងប្រឡាយបង្កឱ្យទឹកឡើង ស្អុយលែងប្រើការបាន។
ប្រជាពលរដ្ឋ បានបញ្ជាក់ទៀតថា កន្លងមកកន្លែងកុងស៊ីកាប់គោរបស់ឈ្មោះ សេន គ្រី យ៉ា មិនមានច្បាប់អនុញ្ញាតឲ្យទំលាក់គោនោះទេ ដោយសារតែសាលាខណ្ឌជ្រោយចង្វា ធ្វើនិរាករណ៍ច្បាប់ចាស់ចោល មិនឲ្យបន្តអាជីវកម្មទៀត។
យោងតាមលិខិតរបស់សាលាខណ្ឌជ្រោយចង្វារ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ជូនលោក សេន គ្រីយ៉ាថា តំណាងអាជីវករពិឃាតសត្វ គោ-ក្របីជាច្រើននាក់ បានដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍មកអាជ្ញាធរខណ្ឌ ដោយអះអាងថា ពួកគាត់ត្រូវបានគេហាមមិនឱ្យចូលទៅទិញគោ-ក្របី ពីអាជីវករដែលដឹកជញ្ជូនគោ-ក្របីមកស្តុកទុកលក់នៅក្នុងបរិវេណទីតាំងសត្តឃាតរបស់លោកឡើយ និងមិនតែប៉ុណ្ណោះនៅពេលទិញបានគោ-ក្របី មកពិឃាតយកសាច់ម្តងៗ គឺត្រូវបង់តម្លៃក្បាលគោបន្ថែមក្នុងមួយក្បាលៗ ទៅឱ្យម្ចាស់ទីតាំងសត្តឃាតថែមទៀតផង ដែលបញ្ហានេះធ្វើឱ្យពួកគាត់ជួបការលំបាកក្នុងការប្រកបមុខរបរប្រចាំថ្ងៃ។
ចំពោះករណីនេះ ប្រសិនបើកើតមានឡើងនៅក្នុងបរិវេណទីតាំងសត្តឃាតរបស់លោកពិតមែននោះ រដ្ឋបាលខណ្ឌជ្រោយចង្វារ សូមធ្វើការណែនាំឱ្យបញ្ឈប់សកម្មភាពនេះជាបន្ទាន់។
ជាមួយគ្នានេះ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌជ្រោយចង្វារ ក៏បានចេញលិខិតដោយបដិសេធចំពោះសំណើសុំការអនុញ្ញាត បន្តបង្កើតសត្តឃាតដ្ឋានពិឃាតគោ-ក្របី ស្ថិតនៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
រដ្ឋបាលខណ្ឌ បានបញ្ជាក់ថា រដ្ឋបាលមិនអាចចុះហត្ថលេខាបញ្ជូនបានឡើយដោយហេតុថា ទីតាំងនេះស្ថិតនៅជិតបណ្តុះប្រជាពលរដ្ឋរស់នៅ ជិតវិមានឈ្នះឈ្នះ ជិតកីឡដ្ឋានមរតកតេជោ ដែលធ្វើ ឱ្យប៉ះពាល់ដល់បរិស្ថាន រស់នៅរបស់ប្រជាពលរដ្ឋក្បែរនោះ និងតំបន់ជុំវិញ។
ទោះមិនមានការអនុញ្ញាងត្តពីអាជ្ញាធរហើយក្ដី តែសកម្មភាពអាជីវកម្មសត្វឃាតខាងលើ នៅដំណើរការដដែលមកដល់សព្វថ្ងៃនេះ។ ការបើកបរដឹកជញ្ជូនគោក្របីក្នុងល្បឿនលឿន និងការពិឃាតគោ-ក្របី ក្នុងពេលព្រឹកព្រលឹម តែងតែបង្កសម្លេងរំខាន ជាហេតុធ្វើឱ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ និងបានលើកឡើងពីទុក្ខកង្វល់គ្រប់វេទិកាសាធារណៈ និងស្នើឲ្យរកទីតាំងថ្មីដែលសមស្រប។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីទីតាំងរបស់លោក សេន គ្រីយ៉ា នៅតែដំណើរការជាធម្មតា មិនខ្វល់ខ្វាយអ្វីឡើយ៕