(កណ្តាល)៖ លោក ឈឹម សារ៉េត ប្រធានក្រុមការងារថ្នាក់ជាតិ ចុះបំពេញបេសកកម្មស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម បានដឹកនាំមន្ត្រីរាជការ ក្រោមឱវាទ ព្រមទាំងអាជ្ញាធរ ដែនដីពាក់ព័ន្ធនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធសមិទ្ធផលនានាក្នុងវត្តព្រែកជ្រូក ស្ថិតក្នុងឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
លោក យោន តេង មេឃុំបាក់ដាវ បានឲ្យដឹងថា សមិទ្ធិផលដែលត្រូវសម្ភោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ រួមមាន ខ្លោងទ្វារសាលាឆាន់ របងថ្ម៩៥ ប្រលោះ បង់សាលាស្រះទឹក រោងម៉ាស៊ីនភ្លើង រោងដាក់សម្ភារ រាជសីហ៍នាងគង្ហីង រួមទាំងសមិទ្ធិផល ជាច្រើនទៀតអស់ទឹកប្រាក់២៤២៥៦៦ដុល្លារ ក្នុងនោះជំពាក់ថ្លៃឈ្នួលជាង៣៤៤៥៥ដុល្លារ។
លោក ឈឹម សារ៉េត បានផ្តាំផ្ញើសារសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចជាកាលតែងតែគិតគូរយកចិត្តទុកដាក់ អំពីសុខទុក្ខ និងការលំបាក ខ្វះខាត របស់បងប្អូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស។ លោកបានបន្តថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បច្ចុប្បន្ននេះ ស្រុកខ្យាច់កណ្តាល មានសមិទ្ធិផលជាច្រើន ដែលកកើតឡើងគឺផ្លូវជាតិលេខ៨ ស្ពានព្រែកតាមាក់ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រ៉ូតាខ្យាច់កណ្តាល និងសមិទ្ធិផលនានាជាច្រើនទៀត ដូចជា សាលារៀន មណ្ឌលសុខភាព ជាដើម។
លោក ឈឹម សារ៉េត ដែលជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជាការពិតក្រោមការដឹកនាំរបស់ម្តេចតេជោ ទោះបីទទួលរងនូវបញ្ហាប្រឈមនានា ជាពិសេសគ្រោះធម្មជាតិ និងឥទ្ធិពលអាក្រក់ពី វិបត្តិកលយុគហិរញ្ញវត្ថុអន្តរជាតិ ព្រមទាំងការធ្លាក់ចុះនៃសេដ្ឋកិច្ចសាកលលោកក្តី ក៏កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាព និងបរិយាប័ន ជាមធ្យមជាង៨%ក្នុងមួយឆ្នាំ។
បន្ទាប់ពីពិធីបំពាក់គ្រឿងឥស្សរិយសជូនសប្បសជនរួចមក លោក ឈឹម សារ៉េត បានផ្តល់អំណោយ របស់លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដែលក្នុងនោះមានសាលាឃុំបាក់ដាវ២២ម៉ឺនរៀល លោកគ្រូ អ្នកគ្រូ ៥៨នាក់ ម្នាក់ៗ២ម៉ឺនរៀល ពេទ្យឃុំ៤នាក់ ម្នាក់ៗ២ម៉ឺនរៀល កម្លាំងនគរបាល កងរាជអាវុធហត្ថ ៣០នាក់ ម្នាក់ៗ២ម៉ឺនរៀល ក្រុមកាយរិទ្ធកាកបាទក្រហម១០០នាក់ ម្នាក់ៗ១ម៉ឺនរៀល ប្រជាកាពារឃុំបាក់ដាវ៦៤នាក់ ម្នាក់ៗម៉ឺនរៀល ផ្តល់ថវិកា១៧លានរៀល សំរាប់កសាងរបងសាលាបឋមសិក្សាព្រៃជ្រូក ប្រវែង៧៥ម៉ែត្រ កម្ពស់២ម៉ែត្រកន្លះ នឹងឧបត្ថម្ភបច្ច័យមួយម៉ឺនដុល្លារសំរាប់សងថ្លៃជំពាក់ជាង៕