(កំពត)៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានណែនាំឱ្យប្រជាពលរដ្ឋក្រីក្រ និងមានជីវភាពខ្វះខាត ត្រូវរួសរាន់ទាក់ទងទាក់ទងទៅអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ជាមុនសិនដើម្បីទទួលបានប័ណ្ណមកបើកស្បៀងអាហារពីរដ្ឋបាលខេត្ត ក្នុងដំណាក់កាលនៃវិបត្តិកូវីដ១៩។
ការណែនាំបែបនេះ របស់លោក ម៉ៅ ធនិន បានធ្វើឡើងនៅក្នុងឱកាសចែកអំណោយជាស្បៀងអាហារ ជូនដល់ប្រជាពលរដ្ឋមានជីវភាបខ្វះខាត ចំនួន ៥៨៥គ្រួសារ មកពីតាមបណ្តាក្រុង ស្រុកទាំង៩ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅសាលាខេត្តកំពត។
ក្នុងឱកាសនោះ លោក ម៉ៅ ធនិន បានបន្តថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាលតែងតែគិតគូរ ពីសុខទុក្ខរបស់ បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ចាស់ជរា ស្ត្រីមេម៉ាយកូនច្រីនក្នុងបន្ទុក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺ ទីណាមានទុក្ខលំបាកទីនោះមានវត្តមានរបស់សម្តេចទាំងទ្វេ។
ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវខិតខំប្រឹងប្រែងប្រកបរបររកស៊ីទទួលទាន បង្កើនការដាំដុះ ការចិញ្ចឹមសត្វ ដើម្បីទទួលបានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ។ ពិសេសត្រូវទៅចាក់ វ៉ាក់សាំង និងពិនិត្យមើលឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ។
នៅព្រឹកថ្ងៃដដែលនេះដែរ ក្រោយពីបញ្ចប់វេទិការទទួលពាក្យបន្តឹង និងដោះស្រាយបញ្ហាប្រឈម ជូនប្រជាពលរដ្ឋ គឺលោកអភិបាលខេត្ត ក៏បានទទួលអំណោយមនុស្សធម៌ពីក្រុមហ៊ុនឯកជន ចំនួន៣ ដែលអំណោយទាំងនោះ រួមមានអង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ អាល់កុល ម៉ាស់ និងថវិកាមួយចំនួន ដើម្បីរួមចំណែកក្នុងការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងជួយសម្រួលដល់ជីវភាពខ្វះខាតរបស់ ប្រជាពលរដ្ឋរង់ផលប៉ះពាល់ដោយសារជំងឺកូវីដ១៩៕