(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងនូវការជឿជាក់យ៉ាងមុតមាំថា ការប្រកាសឱ្យប្រើច្បាប់វិនិយោគថ្មី នឹងក្លាយជាឧបករណ៍មួយដ៏សំខាន់ មានប្រសិទ្ធភាព និងទាន់ពេលវេលាក្នុងការស្ដារឡើងវិញ នូវសង្គម-សេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩ និងធ្វើឱ្យកម្ពុជា ក្លាយជាទិសដៅដ៏ទាក់ទាញមួយ សម្រាប់វិនិយោគិន។

ការថ្លែងរបស់លោក ប្រាក់ សុខុន ធ្វើឡើងក្នុងរៀបចំសិក្ខាសាលាតាមប្រព័ន្ធវីដេអូ ដើម្បីផ្សព្វផ្សាយពីច្បាប់ ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាថ្មី ជូនដល់ស្ថានតំណាងកម្ពុជា នៅបរទេសទាំងអស់ ព្រមទាំងថ្នាក់ដឹកនាំក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១។

រៀបចំសិក្ខាសាលានេះរៀបចំឡើងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមកិច្ចសហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយអ្នកចូលរួមចំនួនប្រមាណ ១៧០នាក់។

ច្បាប់ស្ដីពីវិនិយោគនេះ ត្រូវបានតាក់តែងឡើងតាមការចង្អុលបង្ហាញ របស់គោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ និងបានឆ្លងកាត់ការសិក្សាស្រាវជ្រាវ និងតាក់តែងឡើងយ៉ាងម៉ត់ចត់ ដោយក្រុមការងារនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចាប់តាំងពីឆ្នាំ២០១៥ រហូតបានបញ្ចប់នៅចុងឆមាសទី១ នៃឆ្នាំ២០១៩ ស្របតាមអនុសាសន៍ណែនាំរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី នៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩។

ក្នុងកិច្ចដំណើរការនៃការតាក់តែងច្បាប់ថ្មីនេះ ក្រុមការងារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រជុំពិគ្រោះយោបល់ជាមួយតំណាងផ្នែកឯកជន និងតួអង្គពាក់ព័ន្ធដទៃទៀតជាច្រើនលើកច្រើនសារ ជាពិសេសជាមួយនឹងក្រុមការងារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ។

ច្បាប់ស្តីពីវិនិយោគនេះ ត្រូវបានតាក់តែងឡើងក្នុងគោលបំណងបង្កើត នូវក្របខ័ណ្ឌគតិយុត្តដែលបើកចំហ មានតម្លាភាព អាចប៉ាន់ប្រមាណទុកជាមុនបាន និងប្រកបដោយភាពអំណោយផល ដែលអាចទាក់ទាញនិងជំរុញការវិនិយោគនៅកម្ពុជាឱ្យមានគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

ជាមួយគ្នានេះ ដើម្បីចូលរួមអនុវត្តយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ ២០២១-២០២៣ ដែលជាគំនិតផ្តួចផ្តើមផ្ទាល់របស់ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងដែលត្រូវបានប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ សិក្ខាសាលានាពេលនេះ ត្រូវបានរៀបចំឡើងក្នុងគោលដៅផ្សព្វផ្សាយ ពីការបន្ស៊ីគ្នារវាងការជំរុញវិនិយោគ និងការអនុវត្តយុទ្ធសាស្រ្តការទូត សំដៅទាក់ទាញរំហូរវិនិយោគផ្ទាល់ពីបរទេស បង្កើនផលិតភាពនៃឧស្សាហកម្មក្នុងស្រុក ព្រមទាំងពង្រឹងការតភ្ជាប់ ឧស្សាហកម្មកម្ពុជាទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ ក្នុងតំបន់និងសកលលោក។

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងក្រុមការងារនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានខិតខំប្រឹងប្រែងអស់រយៈពេល ៦ឆ្នាំ ក្នុងការសិក្សាស្រាវជ្រាវ និងតាក់តែងរហូតធ្វើឱ្យច្បាប់ស្តីពីវិនិយោគថ្មីនេះលេចចេញជារូបរាងឡើង។

លោកឧបនាយករដ្ឋមន្រ្ដី ក៏បានរំលេចពីបច្ច័យអវិជ្ជមាន ដែលកើតចេញពីវិបត្តិនៃជំងឺកូវីដ-១៩ និងសង្រ្គាមពាណិជ្ជកម្ម ដែលធ្វើឱ្យសេដ្ឋកិច្ចសកល និងរំហូរវិនិយោគផ្ទាល់ពីបរទេស ទូទាំងពិភពលោកមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ព្រមទាំងការប្រកួតប្រជែងអំណាចរបស់មហាអំណាច ដែលធ្វើឱ្យប្រែប្រួលសណ្តាប់ធ្នាប់អន្តរជាតិ និងបានដាក់សម្ពាធដល់តំបន់អាស៊ី-ប៉ាស៊ីហ្វិក និងប៉ះពាល់ដល់មជ្ឈភាព និងសាមគ្គីភាពអាស៊ាន និងទំនាក់ទំនងរបស់អង្គការតំបន់នេះជាមួយដៃគូខាងក្រៅ។

ទោះជាយ៉ាងនេះក្តី លោកឧបនាយករដ្ឋមន្រ្ដី ជឿជាក់យ៉ាងមុតមាំថា ការប្រកាសឱ្យប្រើច្បាប់វិនិយោគនេះ នឹងក្លាយជាឧបករណ៍មួយដ៏សំខាន់មានប្រសិទ្ធភាព និងទាន់ពេលវេលាក្នុងការស្ដារឡើងវិញនូវសង្គម-សេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩ និងធ្វើឱ្យកម្ពុជាក្លាយជាទិសដៅដ៏ទាក់ទាញមួយសម្រាប់វិនិយោគិន ស្របពេលដែលរាជរដ្ឋាភិបាលសម្រេចឱ្យមានការបើកដំណើរការសកម្មភាពសេដ្ឋកិច្ច និងប្រទេសឡើងវិញជាបណ្ដើរៗ ដើម្បីទទួលស្វាគមន៍វិនិយោគិនបរទេស និងភ្ញៀវទេសចរណ៍ ជាពិសេសទេសចរណ៍វ៉ាក់សាំង។

ពាក់ព័ន្ធនឹងបញ្ហាចាក់វ៉ាក់សាំង លោក ប្រាក់ សុខុន ក៏បានគូសបញ្ជាក់ផងដែរ អំពីយុទ្ធនាការចាក់វ៉ាក់សំាងដ៏ជោគជ័យ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋរបស់ខ្លួនបានប្រមាណ ២៨លានដូស ស្មើនឹងជាង៨៦ភាគរយនៃប្រជាជនសរុប ដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសជាប់ចំណាត់ ថ្នាក់លេខ១ នៅក្នុងអាស៊ាន និងអាស៊ី-ប៉ាស៊ីហ្វិក និងឈរនៅលើលេខរៀងទី៦ លើសកលលោក ក្នុងចំណោមប្រទេសដែលចាក់វ៉ាក់សាំង ជូនប្រជាជនច្រើនជាងគេបង្អស់។

លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានរបស់ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន ដែលបានចូលរួមជ្រោមជ្រែងកិច្ចខិតខំប្រឹងប្រែង ក្នុងការផ្សព្វផ្សាយច្បាប់ ស្ដីពីវិនិយោគនេះជូនដល់បណ្ដាអង្គទូតកម្ពុជាប្រចាំ ស្ថានបេសកកម្មការទូតនៅក្រៅប្រទេស ដែលជាយុទ្ធសាស្រ្តដ៏មុតស្រួច ក្នុងការបង្ហាញពីកាលានុវត្តភាពនៅកម្ពុជា សំដៅទាក់ទាញការវិនិយោគប្រកប ដោយគុណភាពបន្ថែម។

លើសពីនេះ លោករដ្ឋមន្រ្តីប្រតិភូក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការជាប្រចាំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងស្ថានបេសកកម្មការទូតកម្ពុជា ប្រចាំនៅក្រៅប្រទេស ដែលជានិច្ចកាលតែងរួមចំណែកយ៉ាងសំំខាន់ក្នុងការជំរុញវិនិយោគ និងផ្សព្វផ្សាយពីបរិស្ថានវិនិយោគនៅកម្ពុជា ជូនដល់វិនិយោគិនបរទេស។

តាមរយៈការធ្វើបទបង្ហាញយ៉ាងក្បោះក្បាយ ស្តីពីច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដោយលោក ជា វុទ្ធី អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា ក៏ដូចជាកិច្ចពិភាក្សាក្នុងសិក្ខាសាលានាពេលនេះ រដ្ឋមន្ត្រីប្រតិភូមានសុទិដ្ឋិនិយមថាលោក លោកស្រី ដែលជាតំណាងកម្ពុជានៅក្រៅប្រទេសទាំងអស់ នឹងជួយផ្សព្វផ្សាយបន្ថែមពីអត្ថប្រយោជន៍ទាំងឡាយ ដែលមានចែងក្នុងច្បាប់នេះ ដើម្បីឱ្យអ្នកវិនិយោគនៅក្រៅប្រទេស បានយល់កាន់តែច្បាស់ និងធ្វើការសម្រេចចិត្តមកវិនិយោគនៅកម្ពុជា ដែលជាទីតាំង វិនិយោគប្រកបដោយសក្តានុពល៕