(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីកែច្នៃ ជួញដូរគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យ ២នាក់ និងរឹបអូសគ្រឿងញៀនជិត ៥៩ គីឡូក្រាម នៅរាជធានីភ្នំពេញ។
មន្ត្រីនគរបាលជាន់ខ្ពស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់នៅថ្ងៃទី០៣ ខែវិច្ឆិកានេះថា ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៤៖២០នាទី ដោយកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៥) ដឹកនាំដោយឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរ វរសេនីយ៍ឯក មាស ហត នាយករងមន្ទីរ វរសេនីយ៍ឯក ជាវ វណ្ណា នាយការិយាល័យ (ក៥) ចូលរួមសហការពីកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួលពីលោក ហេង ផេង ព្រះរាជអជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ បង្រ្កាបករណីកែច្នៃ ជួញដូរគ្រឿងញៀន នៅចំណុច ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ចាប់បានជនសង្ស័យម្នាក់ឈ្នោះ ង្វៀង វីងទី និងសារធាតុញៀនមួយចំនួនតូច។ លុះដល់ម៉ោង១៥៖៣០នាទីថ្ងែដដែល កម្លាំងជំនាញ បានធ្វើការឆែកឆេរ និងចាប់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ហេង គឹមហេង នៅចំណុច បន្ទប់ជួលលេខ៧ ផ្លូវលេខ៣០០ ក្រុម១៩ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ប្រតិបត្តិការបង្ក្រាបនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ០២នាក់៖ ១-ឈ្មោះ ង្វៀង វីងទី ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិវៀតណាម និង២-ឈ្មោះ ហេង គឹមហេង ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ។
វត្ថុតាងចាប់យកបាន៖ មេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ ៣.៥១ក្រាម, កេតាមីន (KETAMIN) ទម្ងន់សុទ្ធ ៥០.៤២ក្រាម, អ៊ិចស្តាស៊ី(MDMA)ទម្ងន់សុទ្ធ ១គីឡូក្រាម ៥១៧.៣២ក្រាម, មេកាទីណូន (METHCATHINONE)ទម្ងន់សុទ្ធ ៤៦គីឡូក្រាម ៧៧៤ក្រាម និងសារធាតុផ្សំ (មិនច្បាស់) ៦ គីឡូក្រាម ២១៤.៣៦ក្រាម។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី៕