(ភ្នំពេញ)៖ លោក អាណាតូលី បូរ៉ូវិក (Anatoly BOROVIK) ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សីប្រចាំកម្ពុជា បានបង្ហាញការជឿជាក់ថា កម្ពុជាគឺពិតជាគោលដៅទេសចរណ៍អាទិភាពប្រកបដោយសក្តានុពល ក្នុងការទាក់ទាញភ្ញៀវទេសចររុស្ស៉ី។
ការលើកឡើងនេះក្នុងឱកាសលោកឯកអគ្គរដ្ឋទូតរុស្ស៉ីជួបពិភាក្សាការជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អំពីការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា-រុស្សី ពិសេសទេសចរចាក់វ៉ាក់សាំងមកទស្សនាកម្ពុជា នារសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅស្ថានទូតរុស្ស៉ី។
ជំនួបនេះដែរ សំដៅរៀបចំឲ្យមានការមកទស្សនារបស់ទេសចររុស្ស៊ីនៅកម្ពុជាឡើងវិញ ក្រោមយុទ្ធសាស្ត្របើកទេសចរវ៉ាក់សាំង ដែលរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសនាពេលថ្មីៗនេះ ជាពិសេសការបើកតំបន់គោលដៅសុវត្ថិភាព ដូចជា ក្រុងព្រះសីហនុ ក្រុងកោះរ៉ុង និងតំបន់តារាសាគរ ចាប់ពីថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ ហើយតំបន់សៀមរាបអង្គរ ក្នុងអំឡុងខែមករា ឆ្នាំ២០២២ ខាងមុខ។
ក្នុងសវនការនោះ លោកឯកអគ្គរដ្ឋទូតបានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះការស្តារឡើងវិញ និងអភិវឌ្ឍន៍ព្រមទាំងអភិបាលកិច្ចល្អរបស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយចាប់ផ្តើមពីចំណុចសូន្យ-បាតដៃទទេ បានធ្វើឱ្យកម្ពុជាមានការវិបុលភាពទាំងខាងសេដ្ឋកិច្ច-សង្គម វិនិយោគទុន ទេសចរណ៍ និងគ្រប់វិស័យ។
ពិសេសជាងនេះទៀត លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ពីការដឹកនាំដ៏ល្អរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងពេលវិបត្តិកូវីដ១៩ គឺសម្តេចពិតជាបានដាក់ចេញនូវគោលនយោ បាយ និងផែនការបានយ៉ាងល្អត្រឹមត្រូវក្នុងការគ្រប់គ្រងការចាក់វ៉ាក់សាំងជីនប្រជាពលរដ្ឋកម្ពុជា និងជនបរទេសដែលកំពុងបេសកកម្មរស់ខ្លួននៅលើទឹកដីកម្ពុជា។
លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា ផ្អែកតាមទំនាក់ទំនងមិត្តភាពជាប្រវត្តិសាស្ត្រ និងសមិទ្ធផលកន្លងមក កម្ពុជានឹងមានលទ្ធភាពទាក់ទាញទេសចររុស្ស៊ីបន្ថែមទៀត ដែលមុនវិបត្តិកូវីដ១៩ កំណើនពលរដ្ឋរុស្ស៊ីមកទស្សនានៅកម្ពុជា មានកំណើនគួរឲ្យកត់សម្គាល់ចំនួន ៥៥ ៦៥៣នាក់ហើយចំនួននេះនឹងអាចកើនឡើងខ្ពស់ថែមទៀត ដោយរុស្ស៊ីជាប្រភាពទីផ្សារដ៏ធំ មានប្រជាជនជាង ១៤៦លាននាក់។
លោករដ្ឋមន្រីបានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយរបស់សម្ដេចតេជោ ហ៊ុន សែន កម្ពុជាមានភាពជឿនលឿនលើការចាក់វ៉ាក់សាំង ដែលជាគន្លឹះនៃការស្ដារទំនុកចិត្ត និងភាពជឿជាក់នៃសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញ ក្នុងបរិបទនៃគន្លងប្រក្រតីភាពថ្មី ក្នុងនោះវិស័យទេសចរណ៍ក៏កំពុងរៀបចំចាប់ផ្ដើមបើកជាជំហ៊ានៗ ប្រកបដោយការទទួលខុសត្រូវ។
ភាគីទាំងពីរក៏បានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងដាក់ចុះនូវផែនការទទួលស្វាគមន៍ទេសចររុស្ស៊ីក្នុងក្របខណ្ឌយុទ្ធសាស្ត្រទេសចរវ៉ាក់សាំងរបស់កម្ពុជាដូចជា៖
ទី១៖ រៀបចំឲ្យមានការមកចុះសិក្សាពិនិត្យ ដោយក្រុមហ៊ុនទេសចររុស្ស៊ី និងបណ្ដាញសារព័ត៌មានរុស្ស៊ី (Farm Trip) នាពេលខាងមុខ ដើម្បីផ្សព្វផ្សាយការរៀបចំខ្លួនរួចស្រេច ក្នុងការទទួលទេសចរអន្តរជាតិ។
ទី២៖ អញ្ជើញក្រុមហ៊ុនទេសចរណ៍រុស្ស៊ីចូលរួមការតាំងពិព័រណ៍ខ្នាតតូចល្មមអាចគ្រប់គ្រងបាន នាឱកាសទិវាទេសចរណ៍អាស៊ាន ២០២២ នាខែមករា ចាប់ពីថ្ងៃទី១៦ ដល់ ២២ ដើម្បីអាចជួបទំនាក់ទំនងធុរៈកិច្ចជាមួយក្រុមទេសចរណ៍កម្ពុជា ក៏ដូចក្រុមហ៊ុនក្នុងតំបន់ផងដែរ។
ទី៣៖ រៀបចំឲ្យមានសិក្ខាសាលាធុរកិច្ចទេសចរណ៍វាងប្រទេសទាំងពីរ។
ទី៤៖ រៀបចំជំរុញឲ្យមានការហោះហើរត្រង់ កម្ពុជា-រុស្ស៊ី នាពេលខាងមុខ ។
ទី៥៖ ពិនិត្យរៀបចំកម្មវិធីឆ្នាំ២០២២ ជាឆ្នាំទេសចរណ៍ និងវប្បធម៌កម្ពុជា-រុស្ស៊ី ដើម្បីអបអរសាទរខួបទី៦៦ នៃចំណងការទូតនៃប្រទេសទាំងពីរ។
ទី៦៖ ពិនិត្យរៀបចំបន្តកម្មវិធីការងាររួមកម្ពុជា-រុស្ស៊ីលើវិស័យទេសចរណ៍ តាមរយៈការចុះអនុស្សរណយោគយល់ លើកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-រុស្ស៊ី។
ទី៧៖ ពង្រីកកិច្ចសហប្រតិបត្តិការលើការផ្សព្វផ្សាយទេសចរណ៍ ការបង្កើតផលិតផលថ្មី ការវិនិយោគ និងការអភិវឌ្ឍធនធានមនុស្ស។
ទី៨៖ គាំទ្រការររៀបចំកីឡាស៊ីហ្គេម ២០២៣ (SEA GAMES 2023) នៅកម្ពុជា ជាពិសេសការរៀបចំកីឡាលើទឹក និងក្រោមទឹក។
ទី៩៖ គាំទ្រឲ្យមានការវណ្ដុះបណ្ដាលមគ្គុទេ្ទសក៍និយាយភាសាររុស្ស៊ីតំបន់ឆ្នេរ។
ឈរលើផែនការយុទ្ធ សាស្រ្ត និងគោលនយបាយច្បាស់លាស់ត្រឹមត្រូវក្នុងការទទួលទេសចរចាក់វ៉ាក់សាំង លោកឯកអគ្គរដ្ឋទូតរុស្ស៉ីបានបង្ហាញការជឿជាក់យ៉ាងមុតមាំថា កម្ពុជាគឺពិតជាគោលដៅទេសចរណ៍អាទិភាពប្រកបដោយសក្តានុពល ក្នុងការទាក់ទាញភ្ញៀវទេសចររុស្ស៉ី៕