(ភ្នំពេញ)៖ រូបភាពកុមារាក្រីក្រនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ទទួលបានបានអ្នកចុច «Like & Love» និងសញ្ញាផ្សេងៗ រហូតដល់ ១៦២ពាន់ (162K) ក្រោយបង្ហោះរយៈពេលប្រមាណ៨ម៉ោង លើទំព័រហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ រូបភាពមួយសន្លឹកនេះ មានអ្នកចុចចែកចាយបន្ត (Share) ១៨ពាន់ (18K) និងបញ្ចេញមតិយោបល់ (Comment) ជិត ៦ពាន់ (5.7K)
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់លោក លឹម ជាវុត្ថា អគ្គនាយកអង្គភាពព័ត៌មាន Fresh News តាមទូរស័ព្ទនៅយប់ថ្ងៃទី០២ ខែវិច្ឆិកានេះថា រូបភាពនេះ គឺបំបែកឯតទគ្គកម្ម មានអ្នកចុច «Like Share & Love» ច្រើនជាងគេបំផុតនៅលើហ្វេសប៊ុករបស់សម្តេច។
សូមបញ្ជាក់ថា កុមារាដែលមានឈ្មោះ គង់ សីហា អាយុ ៧ឆ្នាំ ជាសិស្សរៀននៅសាលាបឋមសិក្សាជ័យ និងរស់នៅភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាមួយឈុតសម្លៀកបំពាក់ជាសិស្សសាលាដែលមានពណ៌ស្រអាប់ គ្មានស្បែកជើងពាក់ និងភ្ជាប់ដោយថង់ច្រកបណ្ណចាក់វ៉ាក់សាំងចងភ្ជាប់នឹងអាវ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមផ្ទុះការចាប់អារម្មណ៍ ហើយកើតក្តីអាណិតអាសូរជាខ្លាំងចំពោះរូបគេ។
រូបភាពមួយសន្លឹកនេះ មិនត្រឹមតែអន្ទងត្រឹមបេះដូង និងដួងចិត្តរបស់ប្រជាពលរដ្ឋទូទៅនោះទេ តែក៏បានអន្ទងដល់ដួងចិត្ត និងបេះដូងរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញការចាប់អារម្មណ៍ និងបង្ហាញនូវមោទនភាពចំពោះការចង់សិក្សារៀនសូត្រ និងការបានចាក់វ៉ាក់សាំងរបស់កុមាររូបនេះ។
សម្តេចតេជោ បានគូសបញ្ជាក់ថា «ខ្ញុំពិតជាមានមោទនភាពចំពោះចៅៗដែលចង់រៀនសូត្រ។ បណ្ណចាក់វ៉ាក់សាំងពាក់នៅកបង្ហាញថាខ្ញុំ បានចាក់វ៉ាក់សាំងរួចហើយ និងចូលរៀនដោយគ្មានការភ័យខ្លាចជាមួយនិងការពាក់ម៉ាស់បានត្រឹមត្រូវ»។
សម្តេចតេជោ ក៏បានលើកឡើងផងដែរថា ទោះបីកុមាររូបនេះ មិនមានស្បែកជើងពាក់ តែសម្តេចជឿថា កុមារារូបនេះ ច្បាស់ជាលាងដៃ និងរក្សាអនាម័យបានល្អ។
ក្រោយផ្ទុះការចាប់អារម្មណ៍ និងអាណិតអាសូរនេះ មានការជួបឧបត្ថម្ភជាច្រើនពីសប្បុរសជននានា ក្នុងនោះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានជួយឧបត្ថម្ភថវិកា ២០លានរៀលផងដែរ៕