(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ហើយមានផ្ទះដំបូលប្រកស្បូវចំនួន៣៥៦គ្រួសារ ប៉ុន្តែឥឡូវទទួលបានដំបូលប្រកស័ង្កសីហើយនោះ ត្រូវបានលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រគល់ជូននាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦ នៅក្នុងបរិវេណផ្សារអូរជ្រៅថ្មី ស្ថិតនៅភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងការសំណេះសំណាលជាមួយប្រជាជនចំនួន៧២០នាក់ និងពាំនាំផ្តាំផ្ញើការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលលោកទាំង២ បានគិតគូគ្រប់ពេល វេលាចំពោះការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ក្នុងនោះលោកឧបនាយករដ្ឋមន្ត្រី បានផ្តាំផ្ញើឲ្យពលរដ្ឋដែលទទួលបានផ្ទះថ្មី ចេះថែរក្សាឲ្យយូរអង្វែង ត្រូវចេះប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាភ្លើង ព្រោះអីបច្ចុប្បន្ននេះ ជារដូវរីងស្ងួត ក្តៅហែង ហើយវាងាយនឹងបង្កឆេះឆាបខ្លំងណាស់។ ប្រជាពលរដ្ឋចំនួន៣៥៦ខ្នងផ្ទះ រស់នៅស្រុកអូរជ្រៅទទួលបានកន្ទេល១ ម៉ុង១ ឆ្នាំងបាយ១ ចានបាយ១ឈុត ទឹកស៊ីអ៊ិវ ទឹកត្រី អំបិល ប៊ីចេង នំធុង សារុង១ ក្រមា១ និងថវិការមួយចំនួន។ សម្រាប់ពលរដ្ឋដែលនិវត្តន៍ជន និងអតីតយុទ្ធជនចំនួន១២១នាក់ ទទួលបាន សារុង១ វែនតា១ និងថវិការមួយចំនួន ។
សម្រាប់ពលរដ្ឋចូលរួមចំនួន២៤៣នាក់ទទួលបានសរុង១ និងថវិការមួយចំនួនផងដែរ៕