(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់អាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត ជុំវិញវិធានការ នៃការហាមមិនឲ្យបើកអាជីវកម្ម ការ៉ាអូខេ និងក្លឹបកំសាន្តនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។
ការដាក់បទបញ្ជា បានធ្វើឡើងនៅក្នុងកិច្ចប្រជុំស្ដីពីការជំរុញការងារចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញ ដែលត្រូវការ វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ តាមរយៈការបញ្ជូនរូបភាព និងសម្លេង (Video Conference) នាល្ងាចថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
លោក ឃួង ស្រេង បានលើកឡើងថា រាជរដ្ឋាភិបាល បានបើកប្រទេសឲ្យដំណើរការឡើងវិញលើគ្រប់វិស័យហើយ ប៉ុន្តែចំពោះក្លឹបកំសាន្ត និងខារ៉ាអូខេ គឺមិនទាន់អនុញ្ញាតឲ្យបើកដំណើរការនោះទេ ពោលគឺឲ្យបើកដំណើរការ តែភោជនីយដ្ឋាន និងបៀរហ្គាឌិនប៉ុណ្ណោះ។ ដូច្នេះអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងពាក់ព័ន្ធត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះការលួចបើកក្លឹបកម្សាន្តនិងខារ៉ាអូខេ ដោយសារទីតាំងពីរនេះ មានហានិភ័យខ្ពស់បំផុត នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
ពាក់ព័ន្ធទៅនឹងការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ លោក ឃួង ស្រេង បានបញ្ជាក់ផងដែរថា ទោះបីជាប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ទទួលបាននូវការចាក់វ៉ាក់សាំងបានច្រើនលើសផែនការយ៉ាងណាក្តី ក៏នៅមានបងប្អូនប្រជាពលរដ្ឋមួយចំនួន មិនទាន់ទទួលបានការចាក់វ៉ាក់សាំងផងដែរ ហើយអ្នកមិនទាន់ទទួលបានការចាក់វ៉ាក់សាំងនេះភាគច្រើន គឺជាប្រជាពលរដ្ឋដែលមានអាយុច្រើនចាស់ជរា និងស្ត្រីពរពោះឆ្លងទន្លេជាដើម។ ជុំវិញបញ្ហានេះ លោក ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌពិសេស មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ត្រូវរៀបចំអនុវត្តការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនេះឲ្យបានល្អ ខណៈដែលពួកគាត់ទៅទទួលការចាក់វ៉ាក់សាំង។
លោក ឃួង ស្រេង បានបន្ថែមទៀតថា ប្រមុខរាជរដ្ឋាភិបាល បានសម្តែងនូវការកោតសរសើរ និងអរគុណយ៉ាងខ្លាំង ចំពោះអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ កងទ័ពអាវស លោកគ្រូពេទ្យ អ្នកគ្រូពេទ្យទាំងអស់ដែលបានយកអស់ កម្លាំងកាយចិត្ត ដើម្បីចូលរួមទប់ស្កាត់ការរីករាយដើរជំងឺកូវីដ១៩ នារយៈពេលកន្លងមកនេះ ដូច្នេះលោកជំរុញឲ្យអាជ្ញាធរកម្លាំងពាក់ព័ន្ធទាំងអស់ ត្រូវបន្តអនុវត្តកិច្ចការងារនេះឲ្យកាន់តែល្អប្រសើរថែមទៀត ដោយសារថា យើងជិតទទួលបានជោគជ័យទាំងស្រុងហើយ ជុំវិញការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩នេះ។
ជាមួយនឹងការដាក់ឲ្យដំណើរការប្រទេសឡើងវិញនេះ លោក ឃួង ស្រេង ក៏បានជំរុញឲ្យអាជ្ញាធរខណ្ឌ កងកម្លាំងពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំសណ្ដាប់ធ្នាប់ឱ្យបានល្អប្រសើរផងដែរ ពិសេសការរៀបចំចិញ្ចើមផ្លូវ ការគ្រប់គ្រង ការទុកដាក់សំរាមអោយបានល្អ ព្រោះការបើកឲ្យដំណើរការប្រទេសឡើងវិញ វានឹងធ្វើចរាចរណ៍កកស្ទះដូចធម្មតាឡើងវិញ ដែលនេះជាបញ្ហាប្រឈមដែលយើងត្រូវដោះស្រាយឲ្យបានល្អប្រសើរ៕