(ពោធិ៍សាត់)៖ នារសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្តមួយចំនួន បានទទួលអំណោយសប្បុរសធម៌ ជាអង្ករ និងថវិកាមួយចំនួន ពីសប្បុរសជន ដើម្បីទុកចែកជូនប្រជាពលរដ្ឋក្រីក្រខ្វះខាត ក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ១៩។
សប្បុរសជន ដែលបាននាំយកអំណោយ មកផ្តល់ជូនរដ្ឋបាលខេត្ត រួមមាន៖
*ទី១៖ លោក ជួប សុភី និងលោកស្រី ឃៀក ប៊ុនធី ម្ចាស់ហាងចក្រវាលត្បូងពេជ្រ លក់គ្រឿងអលង្ការត្បូងពេជ្រ ឧបត្ថម្ភ អង្ករចំនួន១០តោន
*ទី២៖ លោក នួន ស៊ុនលី ម្ចាស់រោងចក្រផលិតទឹកកកក្រុងពោធិ៍សាត់ ឧបត្ថម្ភថវិកា ២លានរៀល
*ទី៣ ៖ លោកស្រី ចោម ខ្វាន់ អគ្គនាយិកា ក្រុមហ៊ុន ស៊ីអឹម (CM) និងជាម្ចាស់ហាងលក់មាសពេជ្រ ចំរើនសុវត្ថិភាព និងស្វាមី ព្រមទាំងសហការី ឧបត្ថម្ភថវិកា ៦លានរៀល។
ក្នុងឱកាសនោះលោក ជាវ តាយ បានបញ្ជាក់ថា បញ្ហាការឆ្លងរីករាលដាលជំងឺកូវីដ១៩ គឺជាបញ្ហាសកល ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអាយុជីវិតប្រជាជន និងសេដ្ឋកិច្ចសង្គមយ៉ាងធ្ងន់ធ្ងរ។ បច្ចុប្បន្ននៅតាមបណ្ដាប្រទេស ក្នុងពិភពលោក បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការប្រយុទ្ធប្រឆាំងនិងបង្ការទប់ស្កាត់ ជំងឺដ៏កាចសាហាវនេះ។
សម្រាប់កម្ពុជាយើងប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ សម្តេចតែងតែបានយកចិត្តទុកដាក់ ជំរុញដាក់ចេញនូវវិធានការនានា ដើម្បីអនុវត្តន៍ ក្នុងការបង្ការទប់ស្កាត់ជំងឺនេះ ពិសេសការជម្រុញ ចាក់វ៉ាក់សាំងជូនប្រជាជន តាមគោលការណ៍ស្ម័គ្រចិត្ត មិនបង់ថ្លៃ និងមិនរើសអើង សំដៅផ្ដល់ភាពសាំក្នុងសហគមន៍ ដើម្បីដំណើរការបើកប្រទេស និងជំរុញការស្ដារ និងអភិវឌ្ឍសេដ្ឋកិច្ចលើគ្រប់វិស័យឡើងវិញ។
ក្នុងនាមរដ្ឋបាលខេត្ត លោកក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះសប្បុរសជន ដែលជាម្ចាស់អំណោយទាំងអស់ និងបានចាត់ទុកអំណោយទាំងអស់នេះ ពិតជាសំខាន់ក្នុងស្មារតី និងកាយវិការមនុស្សធម៌ដ៏ប្រពៃ ដើម្បីរួចចំណែកជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ ដែលកំពុងមានតម្រូវការចាំបាច់ សម្រាប់ជួយដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងរងផលប៉ះពាល់ដោយជំងឺកូវីដ១៩។ លោកសូមសន្យាថា នឹងនាំយកអំណោយទាំងអស់នោះ ទៅប្រើប្រាស់ និងទុកចែកជូនបន្ត ដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះឱ្យចំគោលដៅ និងមានប្រសិទ្ធភាពផងដែរ៕