(សៀមរាប)៖ អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស បានប្រកាសពីចំណាត់ការចំពោះយោធិន នៃកងរាជអាវុធហត្ថខេត្តសៀមរាបម្នាក់ ដែលបានប្រើប្រាស់អាវុធខ្លីបាញ់ផ្ចុកដី ដោយសារទំនាស់ពាក្យសម្តី កាលពីវេលាម៉ោង ២២៖១៥នាទី ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចការ៉ាសសាំងសូរិយា ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានឱ្យដឹងថា នៅវេលាម៉ោង ២២៖១៥នាទី ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ចំណុចការ៉ាសសាំងសូរិយា ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប លោកវរសេនីយ៍ត្រី អាង សែន នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថខេត្តសៀមរាប បានមានទំនាស់ពាក្យសម្តីគ្នាជាមួយឈ្មោះ ហាត សុភា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរអាជីករ ទីលំនៅភូមិឃុនមោគ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ក្រោយមានទំនាស់ លោកវរសេនីយ៍ត្រី អាង សែន បានយកកាំភ្លើងខ្លី ម៉ាកCF98 ប័ណ្ណសម្គាល់អាវុធខ្លីសមូហភាព ចុះបញ្ជី បខ.២៩៤៧៤ កពជ លេខអាវុធ 015892 បាញ់ផ្ចុកដីចំនួន០១គ្រាប់ បានខ្ទាតបំណែកថ្មត្រូវឈ្មោះ ហាត សុភា រលាត់ក្រោមត្របកភ្នែកខាងស្តាំ បណ្តាលឲ្យរបួសស្រាល។
បន្ទាប់មកភាគីម្ខាងទៀតរបស់ឈ្មោះ ហាត សុភា បាននាំគ្នីគ្នា (មិនស្គាល់ឈ្មោះ) មកជាបន្តបន្ទាប់ រួចក៏បានបាញ់ចំនួន០២គ្រាប់ ដោយអាវុធខ្លី មិនស្គាល់ម៉ាក់ តែមិនបណ្តាលឲ្យមានរបួសនោះទេ។ ក្រោយពេលកើតហេតុរួចបន្តិចមក កម្លាំងជំនាញ នៃកងរាជអាវុធហត្ថខេត្តសៀមរាប បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស៊ើបអង្កេត ប្រមូលវត្ថុតាង និងបាននាំខ្លួនលោក អាង សែន បញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីបន្តធ្វើការស្រាវជ្រាវ និងអនុវត្តតាមនីតិវិធី។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា កងរាជអាវុធហត្ថ នឹងបន្តធ្វើការស៊ើបអង្កេត ស្រាវជ្រាវរកភស្តុតាង និងបុគ្គលដែលពាក់ព័ន្ធនឹងអំពើល្មើសនេះ ដោយភាពយុត្តិធម៌ និងម៉ឺងម៉ាត់បំផុត។
ជាមួយគ្នានេះដែរ កងរាជអាវុធហត្ថ សូមអភ័យទោសជាសាធារណៈចំពោះទង្វើរបស់យោធិន នៃកងរាជអាវុធហត្ថខាងលើ ក៏ដូចជាយោធិនចំនួន០២រូប នៃកងរាជអាវុធហត្ថខេត្តក្រចេះ ដែលបានប្រព្រឹត្តនាពេលកន្លងទៅផងដែរ។
នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា សម្រាប់អាវុធហត្ថមានទិសស្លោកជាត្រីវិស័យ បង្ហាញផ្លូវសម្រាប់របៀបធ្វើការរួមមាន៖
*ទី១៖ ចំពោះប្រទេសជាតិត្រូវតែការពារ
*ទី២៖ ចំពោះប្រជាត្រូវតែបម្រើ
*ទី៣៖ ចំពោះច្បាប់ត្រូវតែគោរព
*ទី៤៖ ចំពោះបទល្មើសត្រូវតែបង្រ្កាប៕