(សៀមរាប)៖ អំណោយមនុស្សធម៌របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ត្រូវបានប្រគល់ជូនអ្នកទី១០លាន នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រស់នៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប តាមរយៈលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១។
អ្នកទី១០លាន ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ គឺលោកយាយ សុខ ផាត់ អាយុ៨៩ឆ្នាំ រស់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ រូបគាត់បានចាក់វ៉ាក់សាំងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១។ អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានផ្ដល់ជូននាឱកាសនោះ រួមមាន ថវិកាចំនួន១០លានរៀល និងគ្រឿងឧបភោគ បរិភោគជាច្រើនផ្សេងទៀតផងដែរ។
ថ្លែងក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន ក៏បាននូវនាំការផ្ដាំផ្ញើសាកសាកសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនលោកយាយ សុខ ផាត់ ផងដែរ និងបានថ្លែងនូវការអបអរសាទរដែលលោកយាយ ទទួលបានអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន។
លោកយាយ សុខ ផាត់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្ដេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឲ្យគាត់ទទួលបាននូវការចាក់វ៉ាក់សាំង ហើយថែមទាំងទទួលបានអំណោយដ៏ច្រើនបែបនេះថែមទៀតផង។ លោកយាយ ក៏សូមគោរពជូនពរសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមមានសុខភាពល្អ ដើម្បីបន្ដដឹកនាំនាវាកម្ពុជាឲ្យកាន់តែរីកចម្រើនទៅមុខទៀត។
សូមជម្រាប មកទល់ពេលនេះ កម្ពុជាសម្រេចបានដោយជោគជ័យ លើផែនការនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង ចំនួន១០លាននាក់ ហើយអ្នកដែលទទួលបានថវិការបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងលេខរៀងនៃការចាក់វ៉ាក់សាំងនេះ មានចំនួន១០នាក់រួមមាន៖
* អ្នកចាក់វ៉ាក់សាំងទី១លាន៖ គឺបានទៅលើ លោក ប៉ាន់ សុវណ្ណរិទ្ធិ ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅផ្ទះល្វែងលេខ២ ព្រែកព្រីង២ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។ លោក ប៉ាន់ សុវណ្ណរិទ្ធិ ជាអ្នកចាក់វ៉ាក់សាំងទី១លាន កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១។
* អ្នកចាក់វ៉ាក់សាំងទី២លាន៖ គឺបានទៅលើស្ត្រីឈ្មោះ ទិត ចិន្តា អាយុ ២៣ឆ្នាំ ជាកម្មការរិនីរោងចក្រ រស់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែលបានចាក់វ៉ាក់សាំងនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។
* អ្នកចាក់វ៉ាក់សាំងទី៣លាន៖ គឺបានទៅលើលោកស្រី ស៊ុ សំអឿន អាយុ៤៨ឆ្នាំ ជាស្ត្រីមេម៉ាយរស់នៅមន្ទីរពេទ្យជ័យជំនះ ខេត្តកណ្តាល ដែលបានចាក់វ៉ាក់សាំងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១។
* អ្នកចាក់វ៉ាក់សាំងទី៤លាន៖ គឺបានទៅលើលោក សូ សយ អាយុ៦៥ឆ្នាំ ជាអតីតយុទ្ធជន និងជាយុទ្ធជនពិការជើងឆ្វេងដែលសព្វថ្ងៃ រស់នៅភូមិប្រទាល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង ដែលបានចាក់វ៉ាក់សាំងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។
* អ្នកចាក់វ៉ាក់សាំងទី៥លាន៖ គឺបានទៅលើលោក ណុប មាន អាយុ៧០ឆ្នាំ រស់នៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្ដឧត្ដរមានជ័យ ដែលបានចាក់វ៉ាក់សាំងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១។
* អ្នកចាក់វ៉ាក់សាំងទី៦លាន៖ គឺបានទៅលើលោកស្រី ផេង សឿន អាយុ៦៧ឆ្នាំ ជាកសិករ រស់នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្ដកំពង់ចាម ដែលបានចាក់វ៉ាក់សាំងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។
* អ្នកចាក់វ៉ាក់សាំងទី៧លាន៖ គឺបានទៅលើលោកយាយឈ្មោះ ចាន់ ឃីម អាយុ៦៧ឆ្នាំ រស់នៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលបានការចាក់វ៉ាក់សាំងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១។
* អ្នកចាក់វ៉ាក់សាំងទី៨លាន៖ គឺបានទៅលើស្ដ្រីឈ្មោះ ថឹង ថា អាយុ៥៦ឆ្នាំ ជនជាតិខ្មែរឡាវ រស់នៅភូមិដនឡុង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលបានចាក់វ៉ាក់សាំងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១។
* អ្នកចាក់វ៉ាក់សាំងទី៩លាន៖ គឺបានទៅលើលោកយាយ ព្រំ កួយ អាយុ៧៦ឆ្នាំ រស់នៅថ្មសំលៀង ឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ដែលបានចាក់វ៉ាក់សាំងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១។
* អ្នកចាក់វ៉ាក់សាំងទី១០លាន៖ គឺបានទៅលើលោកយាយ សុខ ផាត់ អាយុ៨៩ឆ្នាំ រស់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដែលបានចាក់វ៉ាក់សាំងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១។
គួរជម្រាបថា គិតត្រឹមយប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៣,៧៤៦,៦២៥នាក់។
ក្នុងរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,០០៥,១៩៩នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៧៨៩,៥៨៧នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ១,៩២៥,០២៩នាក់
៤៖ អាយុ៥ឆ្នាំ ២៦,៨១០នាក់។
ជាមួយនឹងលទ្ធផលនេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា នេះជាជោគជ័យធំធេងណាស់នៅក្នុងក្របខ័ណ នៃខឿនការពារសុខភាពរបស់ប្រជាជនយើង។ ទោះបីយើងចាក់វ៉ាក់សាំងបានជាង១០លាននាក់ ស្មើនឹងជាង១០០% នៃចំនួនគ្រោងដំបូងក៏ដោយក៏យើង នៅមានប្រជាជនរាប់ម៉ឺននាក់ទៀតដែលមិនទាន់បានចាក់វ៉ាក់សាំង ដែលយើងត្រូវបន្តចាក់វ៉ាក់សាំងជូនឲ្យបានគ្រប់ៗគ្នា៕