(ប៉ៃលិន)៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអំពាវនាវឲ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចទាំងអស់ បន្តយកចិត្តទុកដាក់ផ្សព្វផ្សាយការអប់រំយល់អំពីមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ឲ្យបានទូលំទូលាយនៅគ្រប់ជំនួបសំណេះសំណាល និងគ្រប់វេទិកាទាំងអស់ជាមួយប្រជាពលរដ្ឋ ជាពិសេសត្រូវធ្វើសេចក្តីរាយការណ៍ជាប្រចាំជូនចំពោះដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រុង ស្រុក ឃុំ សង្កាត់ អំពីស្ថានភាពគ្រោះថ្នាក់ និងបញ្ហាមីននៅតាមមូលដ្ឋាន ដើម្បីមានការណែនាំ និងចំណាត់ការបន្ថែម។

នេះជាការអំពាវនាវរបស់លោកទេសរដ្ឋមន្រ្តី ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន ក្នុងពិធីតម្លើងផ្ទាំងប៉ាណូផ្សព្វផ្សាយការអប់រំការយល់ដឹងអំពីមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាម នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលក្នុងពិធីនេះមានការចូលរួមពី លោក ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន តំណាងលោកស្រី បាន ស្រីមុំ អភិបាលនៃគណៈអភិបាលរងខេត្តប៉ៃលិន អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋ។

លោកទេសរដ្ឋមន្រ្តី ក៏បានជម្រុញឲ្យមន្រ្តីនគរបាលប៉ុស្តិ៍តាមបណ្តោយព្រំដែន បន្តជួយផ្សព្វផ្សាយជូនចំពោះបងប្អូនពលករ មិនត្រូវប្រថុយប្រថានចូលក្នុងតំបន់ដែលមិនស្គាល់ទីតាំងភូមិសាស្រ្តច្បាស់លាស់ ក្នុងបំណងណាមួយ ដូចជាប្រើប្រាស់ដី រុករកអនុផលព្រៃឈើ ធ្វើដំណើរឆ្លងកាត់ មិនត្រូវប៉ះពាល់គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមជាដាច់ខាត ហើយត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន មេឃុំ មេភូមិ ប្រតិបត្តិករបោសសម្អាតមីន ឬសមត្ថកិច្ចនគរបាលជាបន្ទាន់ នៅពេលបានឃើញ បានដឹងពីកន្លែងមានមីន សំណល់ជាតិផ្ទុះពីសង្គ្រាមនេះ។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានពាំនាំនូវសេចក្តីសោកស្តាយ ការក្រៀមក្រំ និងការអណិតអាសូររបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះការគ្រោះថ្នាក់រហូតដល់ពិការដោយសារការលេង និងគប់គ្រាប់របស់កុមារចំនួន ០៤ នាក់ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ កន្លងទៅនេះ ក្នុងនោះស្រុកបុទុមសាគរ ខេត្តកោះកុងចំនួន ០៣នាក់ និងស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ចំនួន ០១នាក់។

លោកទេសរដ្ឋមន្រ្តី ក៏បានជំរុញឲ្យអាណាព្យាបាលត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះសុខសុវត្ថិភាពរបស់កូនៗ ដោយត្រូវណែនាំឲ្យមានប្រុងប្រយ័ត្ន និងត្រូវស្ថិតនៅចៀសឲ្យឆ្ងាយពីយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងតំបន់សង្ស័យថាមានមីននិងគ្រាប់។

គិតត្រឹមខែកញ្ញា ឆ្នាំ២០២១ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានផ្ទៃដីបោសសម្អាតរួចបានប្រមាណ ១៤.៥ គីឡូម៉ែត្រក្រឡា រកឃើញ និងកំទេចចោលមីនប្រឆាំងមនុស្សចំនួន ២៤ ៧៩០ គ្រាប់ មីនតោនចំនួន ៧៣ គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៨ ៩៣០គ្រាប់ និងផ្ទៃដីដែលនៅសល់ប្រមាណជាង ១.៦ គីឡូម៉ែត្រក្រឡា។ យោងតាមទិន្នន័យ CMVIS របស់អាជ្ញាធរមីន ចាប់ពីឆ្នាំ១៩៧៩ ដល់ខែតុលា ឆ្នាំ២០២១ ជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមសរុប ៤៤៦ នាក់ ស្មើនឹង ៣១% នៃជនរងគ្រោះទូទាំងខេត្តប៉ៃលិន ក្នុងនោះដោយសារមីន ៣៨៩ នាក់ និងគ្រាប់ ៥៧ នាក់៕