(ភ្នំពេញ)៖ ប្រជាពលរដ្ឋដែលខំចំណាយលុយរាប់ពាន់ដុល្លារ ទៅទិញផ្ទះល្វែងនៅក្នុងបូរី «លឹម ឈាងហាក់» ស្ថិតនៅតាមផ្លូវជាតិលេខ១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ បានរិះគន់យ៉ាងខ្លាំងចំពោះប្រព័ន្ធទឹក សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃថា «ហូរដូចកូនក្មេងនោម»។ ពួកគាត់បានលើកឡើងថា មានលុយរាប់ពាន់ដុល្លារទៅទិញផ្ទះក្នុងបូរី តែសម្រាប់ទឹកប្រើប្រាស់វិញ ប្រៀបបានដូចការស់នៅលើវាលខ្សាច់សាហារ៉ាចឹង។
បុរសម្នាក់ដែលរស់នៅក្នុងបូរីមួយនេះ បានផ្ញើរូបថត និងវីដេអូ មកកាន់ការិយាល័យ Fresh News នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦នេះ ដោយចង់បង្ហាញទៅកាន់ប្រជាពលរដ្ឋផ្សេងទៀតថា បើមានផែនការចង់ទិញផ្ទះល្វែងរស់នៅ ក្នុងបូរីមួយនេះ សូមត្រៀមយកទឹក និងទិញទឹកទុកឲ្យហើយផង ដើម្បីប្រើប្រាស់ និងការហូបចុកពីព្រោះ ស្ថានភាពនៃការផ្គត់ផ្គង់ទឹករបស់បូរី មានភាពរអាក់រអួលយ៉ាងខ្លាំង ហើយមានថ្ងៃខ្លះដាច់ទៀតផង។ បើតាមប្រជាពលរដ្ឋរូបនេះ ម្ចាស់បូរី មិនបានឲ្យរដ្ឋចូលមកផ្គត់ផ្គង់ទឹកជូនពួកគាត់នោះទេ ពោលបានជួលឲ្យក្រុមហ៊ុន របស់លោកឧកញ៉ា កុក អាន ជាអ្នករៀបចំជូន ដែលធ្វើឲ្យមានការលំបាកយ៉ាងដូច្នេះ។ សម្រាប់ដំណោះស្រាយវិញ នៅពេលដែលប្រជាពលរដ្ឋទៅសួរនាំ ស្រាប់តែខាងម្ចាស់បូរី មិនជួយដោះស្រាយជូនទៅវិញ ដែលធ្វើឲ្យប្រជាពលរដ្ឋរាប់សិបគ្រួសារខកបំណងយ៉ាងខ្លាំង និងខ្លះទៀតចង់លក់ផ្ទះចេញវិញថែមទៀតផងពីព្រោះតែប្រព័ន្ធទឹកនេះ។ សម្រាប់ទឹកដែលត្រូវប្រើប្រាស់ និងហូបចុកប្រចាំថ្ងៃ គឺពួកគាត់ យកធុងទៅត្រង់ជារៀងរាល់ថ្ងៃ បើមិនធ្វើដូច្នេះទេ ច្បាស់ជាគ្មានទឹកសម្រាប់ងូត សម្រាប់បោកសម្លៀកបំពាក់ និងដាំបាយធ្វើម្ហូបនោះឡើយ។ ចំពោះបញ្ហានេះ Fresh News មិនទាន់អាចសុំការបកស្រាយពីម្ចាស់បូរី «លឹម ឈាងហាក់» បាននៅឡើយទេ នៅរសៀលថ្ងៃដដែលនេះ៕
Posted by Fresh News Photo on Saturday, April 9, 2016