(បន្ទាយមានជ័យ)៖ ដើម្បីចូលរួមកាត់បន្ថយការលំបាកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្តបន្ទាយមានជ័យ សប្បុរសជនក្នុងខេត្តបានចំណាយនូវធនធានផ្ទាល់ខ្លួន ដើម្បីបរិច្ចាគ ជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពលំបាក និងរងគ្រោះដោយទឹកជំនន់ចំនួន១១៥គ្រួសារ នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញ។
ប្រជាពលរដ្ឋទាំង១១៥គ្រួសារនេះស្ថិតនៅក្នុងភូមិអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដោយទទួលបានអំណោយពីលោកស្រី ប៉ាង ណាគ្រី អគ្គនាយិការក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក។
លោក តឹក ប៊ុន ធឿន បានថ្លែងថា ដោយសារតែលោកចង់ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ និងកាត់បន្ថយជម្លោះលើរឿងទំនាស់ដីធ្លី លោកបានធ្វើការសម្បទានដីដល់ប្រជាពលរដ្ឋដែលមានជីវភាពលំបាកទាំង ១១៥គ្រួសារ ក្នុងម្នាក់មួយល្វែងដោយធ្វើប័ណ្ណកម្មសិទ្ធិស្របច្បាប់ជាប្លង់រឹងជូនតែម្ដង។
លោកសំណូមពរមួយសុំឱ្យប្រជាពលរដ្ឋតស៊ូរស់នៅឱ្យបានរយៈពេលពីរឆ្នាំសិនទើបប្រគល់ប្លង់ជូន។ ព្រោះបើមិនធ្វើដូច្នេះទេខ្លាចក្រែងប្រជាពលរដ្ឋទាំងនោះលក់ដីរួចយកលុយចាយអស់ហើយទៅរស់នៅលើដីអ្នកដទៃ ឬដីរដ្ឋជាបន្តហើយបង្កជាទំនាស់មិនចប់ នោះទេ។
លោក តឹក ប៊ុន ធឿន បានពន្យល់ប្រាប់ប្រជាពលរដ្ឋថាការមករស់នៅ ទីនេះគឺការងារស្រេចអាចរកបានចំនេញ១ថ្ងៃ ៤០,០០០រៀល មិនចាំបាច់ប្រថុយប្រថាន ខ្ចីបុលគេយកប្រាក់ទៅឱ្យមេខ្យល់៣០០០ ទៅ៤០០០បាត ដើម្បីឱ្យគេជូនទៅរកកាងារធ្វើនៅថៃ ដែលមានកម្រៃក្នុង១ថ្ងៃ៣០០បាត គិតទៅតិចជាងនៅខ្មែរផងដែរ។
លោកក៏បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋថា លោកនឹងសាងសង់សាលាបច្ចេកទេស ដើម្បីបណ្តុះបណ្តាល កូនចៅអ្នកស្រុកដែលគ្នារៀនចប់បាក់ឌុបហើយ គ្មានលទ្ធភាពទៅរៀនបន្តយកបរិញ្ញាបត្រ ឱ្យមានជំនាញនឹងទទួលបាន ប្រាក់កម្រៃ ខ្ពស់មិនចាញ់អ្នកមានបរិញ្ញាបត្រ ដែលកំពុងបម្រើនៅធនាគារនោះឡើយ៕