(អាមេរិក)៖ បុរសម្នាក់ ដែលបានថតរូប Selfie ជាមួយភ្លើងឆេះព្រៃដ៏អាក្រក់នៅរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិកកាលពីឆ្នាំ២០១៤ ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល២០ឆ្នាំ និងពិន័យជាប្រាក់ ៦០លានដុល្លារអាមេរិក ក្រោយពីគេបានរកឃើញថាបុរសរូបនោះជាអ្នកលួចដុត។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃ សៅរ៍ ទី០៩ ខែមេសា ឆ្នាំ២០១៦។
លោក Wayne Allen Huntsman ត្រូវបានតុលាការរកឃើញថា ជាអ្នកបង្កឲ្យមានភ្លើងឆេះព្រៃ រយៈពេលជិតមួយខែនៅរដ្ឋកាលីហ្វរញ៉ា កាលពីឆ្នាំ ២០១៤។ ជនបង្ករូបនេះបានសារភាពថាខ្លួន បានដុតព្រៃចំនួនបីទីតាំង ហើយក៏ជាមូលហេតុដែលនាំឲ្យព្រៃឈើរាប់សែនហិកតាឆេះខ្ទេច និងក្រុម ពន្លត់អគ្គីភ័យជាច្រើននាក់រងរបួស ហើយក៏បានបំផ្លាញទ្រព្យសម្បត្តិដ៏ច្រើនលើសលប់ផងដែរ។
នៅក្នុងតុលាការលោក Huntsman បាននិយាយថា «ខ្ញុំទទួលកំហុសនេះ ព្រោះខ្ញុំពិតជាបានប្រព្រឹត្តវាមែន»។ គួរបញ្ជាក់ថា ភ្លើងឆេះព្រៃកាលពីឆ្នាំ ២០១៤ នោះបានបំផ្លាញព្រៃឈើ ១០០,០០០ហិកតា និង លំនៅដ្ឋានរាប់សិបខ្នងនៅភាគខាងជើងរដ្ឋកាលីហ្វរញ៉ា តែសំណាងល្អវាមិនបានបណ្តាលឲ្យមនុស្ស ណាម្នាក់បាត់បង់ជីវិតឡើយ»៕