(ព្រះសីហនុ)៖ អាជ្ញាធរខេត្តព្រះសីហនុ បានបញ្ជូនកម្លាំងស្ទើរគ្រប់ស្ថាប័នមាន ដូចជា កម្លាំងនគរបាល អាវុធហត្ថ មន្រ្តីមន្ទីរសូរិយោដី និងមន្ទីរទេសចរណ៍ ចុះរុះរើតូបលក់ដូរ របស់ក្រុមអាជីវករ និងបើករបងឆ្នេរអារីស្តុននៅវេលាម៉ោងប្រមាណជាជាង១ រសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៦នេះ។
មន្រ្តីសាលាខេត្តព្រះសីហនុ បានបញ្ជាក់ឲ្យដឹងថា ការចុះរុះរើ តូបលក់ដូរ និងបើករបងឆ្នេរអារីស្តុននាពេលនេះ គឺអនុវត្តទៅតាម ស.ជ.ណ របស់រាជរដ្ឋាភិបាលកម្ពុជាចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ ដែលតម្រូវឲ្យអាជីវករលក់ដូរលើចំណីឆ្នេរអារីស្តុន រុះរើសំណង់ អាជីវកម្ម ចេញក្នុងរយៈពេល១ខែ គិតចាប់ពីថ្ងៃទី១៣ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦។
អាជ្ញាធរខេត្តព្រះសីហនុ ធ្លាប់បានទុកពេល ២ថ្ងៃ តម្រូវឲ្យប្រជាសហគមន៍ឆ្នេរអូរឈើទាល អតីតក្រុមហ៊ុន អារីស្តុន ចំនួន ៣២តូប ឲ្យរុះរើស្តង់ ឬតូបលក់ដូរចេញ។ ប៉ុន្តែក្រុមប្រជាពលរដ្ឋនៅសហគមន៍នេះ មិនព្រមចាកចេញតាមលិខិតជូនដំណឹង របស់អាជ្ញាធរក្រុងព្រះសីហនុទេ ដោយស្នើរង់ចាំដំណោះស្រាយពីមន្ត្រីស្ថាប័នរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន ឲ្យជួយដោះស្រាយ។
គួរបញ្ជាក់ថា កាលពីថៃ្ងទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ អាជីវករលក់ដូរនៅតាមឆ្នេរអារីស្តុន ដែលមានតូបចំនួន៦២តូប ស្ថិតនៅភូមិ ៤ សង្កាត់៤ ក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ បានដាក់ លិខិតទៅគណៈអភិបាលខេត្ត ព្រះសីហនុ ដើម្បីស្នើសុំជួយអន្តរាគមន៍ និងដោះស្រាយឲ្យពួកគាត់បានលក់ដូរវិញ។ រហូតមកដល់ពេលនេះ នៅមិនទាន់មានដំណោះស្រាយចំពោះការ ទាមទាររបស់ប្រជាពលរដ្ឋផង ស្រាប់តែអាជ្ញាធរខេត្តព្រះសីហនុ បាននាំកម្លាំងមករុះរើតូបប្រជាពលរដ្ឋនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៦នេះ៕