(ភ្នំពេញ)៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦នេះ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារសម្រាប់ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ របស់ខ្លួន ក្រោមអធិបតីភាពរបស់លោកបណ្ឌិត ឌួង លាង ប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដោយមានការចូលរួមពីសមាជិក ក្រុមប្រឹក្សាភិបាល សាកលវិទ្យាធិការ សាកលវិទ្យាធិការរង គណៈគ្រប់គ្រងតាមអង្គភាព មហាវិទ្យាល័យ ការិយាល័យ និងមជ្ឈមណ្ឌលក្រោមឱវាទ។
ក្នុងឱកាសនេះ លោកបណ្ឌិត ជា សុភាព សាកលវិទ្យាធិការសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានថ្លែងថា នេះជាលើកទី១ ដែលសាកលវិទ្យាល័យ បានរៀបចំសន្និបាតនេះឡើង ក្នុងគោលបំណងសំខាន់ គឺទី១-បង្ហាញពីសមិទ្ធផលការងារ ដែលសម្រេចបានក្នុងឆ្នាំ២០១៥,ទី២-ដោះស្រាយបញ្ហាប្រឈមនានា និងរកយុទ្ធសាស្រ្តថ្មី ដើម្បីអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងទី៣-លើកទិសដៅការងារ សម្រាប់ឆ្នាំ២០១៦។
កម្មវិធីបិទសន្និបាតនេះ លោកបណ្ឌិត ឌួង លាង បានថ្លែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រងសាកលវិទ្យាល័យ ដែលលះបង់នូវកម្លាំងកាយចិត្ត និងស្មារតី ដើម្បីបំពេញការងារជូនសាកលវិទ្យាល័យ ហើយសម្រេចបាននូវលទ្ធផល ជោគជ័យគួរជាទីមោទនៈ។
ជាមួយគ្នានេះ លោកបណ្ឌិត ប្រធានក្រុមប្រឹក្សាភិបាល បានលើកនូវទិសដៅការងារធំៗ បន្តសម្រាប់ឆ្នាំថ្មី របស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប គឺត្រូវពង្រីកចំណត់ បង្កើតមជ្ឈមណ្ឌលកីឡា និងបង្កើតមជ្ឈមណ្ឌល អនុវត្តការងារសម្រាប់និស្សិតសិក្សា ជំនាញធនាគារនិងហរិញ្ញវត្ថុ ជំនាញគណនេយ្យ ជំនាញបច្ចេកវិទ្យាព័ត៌មាន និងជំនាញគ្រប់គ្រងសណ្ឋាគារ និងទេសចរណ៍ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ ការងារក្នុងតំបន់ និងអន្តរជាតិ៕