(កំពង់ធំ)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងផែនការ និងជាប្រធានគណៈកម្មាធិការបច្ចេកទេសជំរឿនទូទៅប្រជាជននៅកម្ពុជា ឆ្នាំ២០១៩ បានបញ្ជាក់ថា ការផ្សព្វផ្សាយទិន្នន័យជំរឿនឱ្យបានទូលំទូលាយដល់អ្នកប្រើប្រាស់ទិន្នន័យទាំងឡាយទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ក៏ជាកិច្ចការសំខាន់ណាស់ដែរដើម្បីបង្កើនការយល់ដឹងពីសារសំខាន់ស្ថិតិក្នុងកម្មវិធីអភិវឌ្ឍន៍ ក៏ដូចជាការរចះប្រើប្រាស់ស្ថិតិបានត្រឹមត្រូវ។
ការថ្លែងយ៉ាងដូច្នេះរបស់ លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានធ្វើឡើងក្នុងពិធីប្រកាសផ្សព្វផ្សាយលទ្ធផលជំរឿនរបាយណ៍ការណ៍សរុបលទ្ធផលជំរឿនទូទៅប្រជាជនរបស់រាជធានី-ខេត្ត ឆ្នាំ២០១៩ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសណ្ឋាគារកំពង់ធំរ៉ូយាល់ ដែលរៀបចំដោយក្រសួងផែនការ។
លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានបញ្ជាក់ថា យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល បានចូលរួមចំណែកធ្វើឱ្យរក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្នុងរយៈពេលខ្លី និងមធ្យម។ លោកបន្តថា ក្នុងនាមរាជរដ្ឋាភិបាល លោកសូមចូលរួមផ្តល់នូវអនុសាសន៍មួយចំនួនថែមទៀត ក្នុងគោលបំណងពង្រឹងការងារជំរឿនឆ្នាំ២០១៩ ក៏ដូចជាការងាររៀបចំ និងគ្រប់គ្រងការងារស្ថិតិទៅលើចំណុចសំខាន់ៗមួយចំនួន គឺត្រូវប្រើប្រាស់ទិន្នន័យជំរឿនជាទិន្នន័យមានគុណភាពល្អ គួរជឿទុកចិត្តបានឱ្យបានទូលំទូលាយក្នុងការរៀបចំគោលនយោបាយការសម្រេចនានា និងដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាពការវាស់វែងការអនុវត្តសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ និងកម្មវិធីផ្សេងៗទៀត។ ត្រូវព្យាយាមបន្តប្រប្រមូលធនធានពីដៃគូអភិវឌ្ឍន៍ សម្រាប់ធ្វើជំរឿននានាឱ្យបានក្នុងពេលខាងមុខ មានជំនឿនសេដ្ឋកិច្ច ជំរឿនកសិកម្ម ដែលសុទ្ធសឹងមានសារៈប្រយោជន៍សម្រាប់ការអភិវឌ្ឍប្រទេស។
លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានលើកទឹកចិត្តឱ្យមន្ត្រីស្ថិតិត្រូវយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាល កសាងសមត្ថភាព និងអភិវឌ្ឍធនធានមនុស្សជាប្រចាំ ពីព្រោះជាការងារស្ថិតិ គឺការងារលំបាកស្មុគ្រស្មាញពាក់ព័ន្ធនឹងគ្រប់វិស័យទាមទារការបណ្ដុះបណ្ដាល និងបទពិសោធន៍អនុវត្តជាក់ស្ដែងក្នុងការធ្វើជំរឿន អង្កេតដែលជាការបណ្តុះបណ្តាលក្នុងការងារជាក់ស្តែងផងដែរ។
លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានគូបញ្ជាក់ថា «កិច្ចការនេះក៏បានលើកឡើងក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល គឺការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស។ ម៉្យាងទៀតការផ្សព្វផ្សាយទិន្នន័យជំរឿនឱ្យបានទូលំទូលាយដល់អ្នកប្រើប្រាស់ទិន្នន័យទាំងឡាយទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិក៏ជាកិច្ចការសំខាន់ណាស់ដែរដើម្បីបង្កើនការយល់ដឹងពីសារៈសំខាន់ស្ថិតិក្នុងកម្មវិធីអភិវឌ្ឍន៍ ក៏ដូចជាការរចះប្រើប្រាស់ស្ថិតិបានត្រឹមត្រូវ»។
បន្ថែមពីនេះ លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានឱ្យអនុវត្តបន្តទៀតត្រូវពង្រឹងប្រព័ន្ធស្ថិតិ ធ្វើឱ្យបានប្រសើរតាមរយៈការពង្រឹងការអនុវត្តបទបញ្ញត្តិស្ដីពី យន្តការសម្រួលដោយក្រុមប្រឹក្សាស្ថិតិ និងស្របតាមច្បាប់ស្តីពីស្ថិតិ និងស្របតាមយុទ្ធសាស្ត្រជាតិសម្រាប់អភិវឌ្ឍន៍ស្ថិតិ ដើម្បីជៀសវាងភាពជាន់គ្នាក្នុងការអង្កេត និងភាពប្រទាំងប្រទើសក្នុងការផ្សព្វផ្សាយលទ្ធផល ក៏ដូចជាប្រសិទ្ធភាព និងការទទួលបាននូវ ទិន្នន័យស្ថិតិគ្រប់ជ្រុងជ្រោយដែលមានគុណភាពគួរទុកចិត្តបាន។
បើតាមលោកស្រី ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិ បានឡើងធ្វើរបាយការណ៍ គឺនៅក្នុងឆ្នាំ២០១៩ក ន្លងទៅ ប្រទេសកម្ពុជា មានព្រឹត្តិការណ៍លេចធ្លោជាប្រវត្តិសាស្ត្រ គឺការធ្វើជំរឿនទូទៅប្រជាជន ខែមីនា ឆ្នាំ២០១៩ ហើយក៏ជាព្រឹត្តិការណ៍ដ៏មានភ័ព្វសំណាងជាទីបំផុត ដោយការប្រតិបត្តិការរាប់សម្ភាសន៍ជំរឿននៅតាមមូលដ្ឋានរាជធានីខេត្តទាំង២៥ បានបញ្ចប់ទៅដោយរលូន មុនការផ្ទុះឡើងនូវមេរោគរាតត្បាតជំងឺកូវីដ១៩។
ក្នុងចំណោមបណ្តាស្រុកទាំងអស់ នៃខេត្តកំពង់ធំ ស្រុកស្ទោង មានប្រជាជនច្រើនជាងគេគឺ ១០៩,៣៦៥នាក់ ឬ ១៦,០៤%នៃចំនួនប្រជាជនសរុបរបស់ខេត្ត ហើយតាមលំដាប់លំដោយស្រុកបារាយណ៍ (១៥,៣៣%) ស្រុកសន្ទុក(១៤,៩៧%) ស្រុកកំពង់ស្វាយ (១៣,៣៩%), ស្រុកតាំងគោក (៩,៥៥%)ស្រុកសណ្តាន់ (៩,១៣%) ក្រុងស្ទឹងសែន (៨,០៩%) ស្រុកប្រាសាទបល្ល័ង្ក (៧,០៧%) និងស្រុកប្រាសាទសំបូរ ប្រជាជនតិចជាងគេ (៦,៣៣%)៕