(ភ្នំពេញ)៖ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ពីការដាក់ឱ្យដំណើរការឡើងវិញ សេវាដឹកជញ្ជូនជញ្ជូនសាធារណៈរថយន្តក្រុង និងកាណូត ចាប់ពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ។
សេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា «យោងប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការណែនាំរបស់ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ សូមជម្រាបជូនដំណឹង ដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា រដ្ឋាករនឹងដាក់ឱ្យដំណើរការសាកល្បងសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងកាណូតឡើងវិញ ចាប់ពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១»។
រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ បានបញ្ជាក់ថា តាមខ្សែរត់ដូចខាងក្រោម៖
១៖ រថយន្តក្រុង
* ខ្សែទី១: ចេញពីស្ថានីយចំណតរថយន្តក្រុងព្រែកព្នៅ ដល់ស្ថានីយចំណតរថយន្តក្រុងវាលស្បូវ
* ខ្សែទី២: ចេញពីស្ថានីយចំណតរថយន្តក្រុងរង្វង់មូលគួចកាណុង ដល់ស្ថានីយចំណតរថយន្តក្រុងស្ពានព្រែកសំរោង ក្រុងតាខ្មៅ។
* ខ្សែទី៣: ចេញពីស្ថានីយចំណតរថយន្តក្រុងសួនឫស្សីកែវ ដល់ស្ថានីយ៍ចំណតរថយន្តក្រុងបុរីសន្តិភាព២ តាមមហាវិថីសហព័ន្ធរុស្ស៊ី។
* ខ្សែទី៤A: ចេញពីស្ថានីយចំណតរថយន្តក្រុងសួនឫស្សីកែវ ដល់ស្ថានីយចំណតរថយន្តក្រុងបុរីសន្តិភាព២ តាមមហាវិថីសហព័ន្ធរុស្ស៊ី។
ខ្សែទី៤B: ចេញពីស្ថានីយ៍ចំណតរថយន្តក្រុងសួនឫស្សីកែវ ដល់ស្ថានីយ៍ចំណតរថយន្តក្រុងបុរីសន្តិភាព២ តាមមហាវិថីចោមចៅ។
២៖ កាណូតៈ ចេញពីស្ថានីយចំណតសួនឫស្សីកែវ ដល់ស្ថានីយចំណតក្រុងតាខ្មៅ។
ទន្ទឹមនេះ រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតឱ្យជិះដោយមិនបង់ប្រាក់រយៈពេល០៦ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ និងគិតកម្រៃសេវាធម្មតា ចាប់ពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ លើកលែងមិនគិតថ្លៃសេវា ចំពោះព្រះសង្ឃចាស់ជរា កុមារកម្ពស់ក្រោម ១ម៉ែត្រ សិស្ស-និស្សិត កម្មករ-កម្មការិនី កីឡាករ-កីឡាការិនី និងគ្រូបង្រៀន។
ល័ក្ខខ័ណ្ឌនៃការជិះរថយន្តក្រុង និងកាណូត អ្នកដំណើរទាំងអស់ត្រូវគោរពតាមវិធានសុខាភិបាល ដោយត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំង សម្រាប់មនុស្សពេញវ័យ ពាក់ម៉ាស លាងដៃនិងអាល់កុល វ៉ាស់កម្ដៅ ស្តេន QR Code និង អង្គយតាមកៅអី ដែលបានរៀបចំ៕
: