(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀតនូវគោលបំណងចម្បងរបស់សម្តេចក្នុងការស្នើឡើង ឱ្យបង្កើតច្បាប់កំណត់សញ្ជាតិខ្មែរតែមួយសម្រាប់មេដឹកនាំស្ថាប័នកំពូលទាំង៤របស់ជាតិ។ សម្រាប់សម្តេចតេជោ ច្បាប់នេះមិនសម្តៅលើបុគ្គលណាមួយនោះឡើយ តែជាមរតកដ៏ធំមួយសម្រាប់ជាតិទៅរាប់រយឆ្នាំខាងមុខ សម្រាប់ការពារជាតិពីការជ្រៀតជ្រែករបស់បរទេស។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីបែបនេះ នៅក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់ជូនកុមារអាយុ ៥ឆ្នាំ នៅព្រឹកថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់នូវគោលបំណងនៃការបង្កើតច្បាប់នេះយ៉ាងដូច្នេះថា «ធ្វើហ្នឹងមិនមែនដើម្បីថ្ងៃហ្នឹង មិនមែនដើម្បីជំនាន់ហ្នឹងទេណា ដាក់ក្នុងរដ្ឋធម្មនុញ្ញទុកឱ្យហើយ។ មិនមែនធ្វើសម្រាប់ ៥ឆ្នាំ ១០ឆ្នាំ ២០ឆ្នាំទេ ១០០ឆ្នាំទៀត ដើម្បីចៀសវាងការជះឥទ្ធិពលណាមួយតាមរយៈតួនាទីនាយករដ្ឋមន្ត្រី តាមរយៈតួនាទីប្រធានរដ្ឋសភា តាមរយៈតួនាទីប្រធានព្រឹទ្ធសភា តាមរយៈតួនាទីរបស់ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។ តើអនាគតប្រទេសយើងយ៉ាងម៉េច?»។
សម្តេចតេជោ បានបន្ថែមថា «ខ្ញុំអត់មានសម្តៅទៅលើនរណាមួយទេ គោលដៅធំបំផុត គឺគោលដៅការពារជាតិនេះឱ្យបាន បញ្ចៀសការជ្រៀតជ្រែកពីបរទេស ហើយអ្នកឯងត្រូវបង្ហាញការស្មោះត្រង់ចំពោះជាតិ។ កុំអីឡើងប្រុច កុំអីឡើងប្រុចចោលប្រជាជន ទុកអាប៉ាស់ស្ព័រមួយវាអត់កន្លែងរត់ បានវានៅជាប់ជាមួយប្រជាជន។ អាហ្នឹងឱ្យច្បាស់»។
ក្នុងពិធីនេះសម្តេចតេជោ ក៏បានបង្ហើបឱ្យដឹងផងដែរថា បច្ចុប្បន្នសម្តេចមានចៅមួយមានសញ្ជាតិអាមេរិក តែទៅថ្ងៃមុខបើគេចង់កាន់តំណែងណាមួយ ក្នុងតំណែងណាមួយដែលច្បាប់បានកំណត់ គឺត្រូវតែលាលែងសញ្ជាតិអាមេរិក។ តែបើមិនលាលែង គឺមិនអាចកាន់តំណែងទាំងនោះបានឡើយ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែតុលា សម្តេចតេជោ ហ៊ុន សែន បានផ្តួចផ្តើមនឹងស្នើឱ្យបង្កើតច្បាប់កំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់ប្រធានរដ្ឋសភា ព្រឹទ្ធសភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងនាយករដ្ឋមន្ត្រី។ ត្រឹមពីរថ្ងៃក្រោយសំណើនេះ សេចចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា ៨២ថ្មី មាត្រា ១០៦ថ្មី (មួយ) មាត្រា ១១៩ថ្មី និងមាត្រា ១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម ត្រូវបានដាក់ចូលគណៈរដ្ឋមន្ត្រីប្រជុំពិនិត្យ និងអនុម័ត។
សេចក្តីច្បាប់នេះត្រូវបានរដ្ឋសភាពិនិត្យ និងអនុម័តនៅថ្ងៃទី២៥ ខែតុលា ហើយតាមការគ្រោងទុកព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំពិនិត្យ និងអនុម័តនៅថ្ងៃទី០២ ខែវិច្ឆិកា៕