(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានក្រើនរំឮក និងអំពាវនាវចំពោះមាតា បិតា អាណាព្យាបាល ដែលនាំបុត្រធីតា ឬសាច់ញាតិ មកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ត្រូវបន្តអនុវត្តនូវវិធានការសុខាភិបាល និងវិធានការ «៣ការពារ និង៣កុំ» ឱ្យខ្ជាប់ខ្ជួន ដើម្បីការពារកុំឱ្យឆ្លងជំងឺកូវីដ១៩។

ការក្រើនរំឮកបែបនេះ របស់លោក ងួន រតនៈ បានធ្វើឡើងនៅក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារដែលមានអាយុ៥ឆ្នាំ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ងួន រតនៈ បានថ្លែងអំណគុណដល់ក្រុមគ្រួសារ មាតា បិតា និងអាណាព្យាបាល ដែលបាននាំកូនចៅ មកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅពេលនេះ។ ទន្ទឹមនឹងនោះដែរ ក្មួយៗ ដែលមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដោយការស្ម័គ្រចិត្ត និងពោពេញដោយភាពក្លាហាន មិនមានការភ័យខ្លាចនោះទេ។ ចំពោះការចាក់វ៉ាក់សាំងនេះដែរ សម្រាប់ដូសទីមួយចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ និងសម្រាប់ដូសទីពីរចាប់ផ្ដើមពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ពេលព្រឹកចាប់ពីម៉ោង ៨៖០០ព្រឹក ដល់ម៉ោង ១១៖០០ព្រឹក និងពេលរសៀល ចាប់ពីម៉ោង ១៖០០រសៀល ដល់ម៉ោង ៤៖០០រសៀល ហើយការចាក់វ៉ាក់សាំងនេះ តាមរយៈការអញ្ជើញ និងទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន នៅទីតាំងដែលបានកំណត់ជូនក្នុងឧបសម្ព័ន្ធនៃសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំ។

លោក ងួន រតនៈ ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្តកំពង់ធំទាំងមូល សូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានខិតខំប្រឹងប្រែងស្វែងរកធនធាន និងវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស រួមទាំងខេត្តកំពង់ធំ ចាប់ពីកុមារ យុវវ័យ និងមនុស្សចាស់ ហើយចំនួននៃការចាក់វ៉ាក់សាំងនេះ គឺចាក់បានឆាប់រហ័ស និងច្រើនលើសលប់ បើប្រៀបធៀបទៅនឹងប្រទេសជិតខាង ដែលអាចធ្វើឲ្យយើងឈានទៅដល់ការបើកប្រទេសជាតិឡើងវិញនៅពេលខាងមុខឆាប់ៗនេះជាពិសេសក្មួយៗ បានចូលរៀនឡើងវិញ។ លទ្ធផលដ៏ល្អប្រសើរ គឺបានមកពីដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានគិតគូរពីជីវិតរបស់ប្រជាជនកម្ពុជាផងដែរ។

សូមបញ្ជាក់ផងដែរថា ចំពោះកុមារដែលមានអាយុប្រាំឆ្នាំ ដែលមកទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សូមមាតា បិតា អាណាព្យាបាល និងអ្នកគ្រប់គ្រងមណ្ឌលថែទាំកុមារទាំងអស់ មេត្តាភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធ ដែលមាននៅក្នុងជូនដំណឹងរបស់រដ្ឋបាលខេត្ត៕